ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជាទីផ្សារហិរញ្ញវត្ថុជប៉ុន មានសារៈសំខាន់ខ្លាំង ចំពោះសហរដ្ឋអាមេរិក?

​បរទេស ៖ ចាប់ពីការកើនឡើងយ៉ាងគំហុកនៃទិន្នផលសញ្ញាបណ្ណរដ្ឋ រហូតដល់កិច្ចអន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងការជួយទប់ទល់នឹងតម្លៃប្រាក់យ៉េន ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំធេង ដែលជះឥទ្ធិពលផ្ទាល់ដល់ក្រុមវិនិយោគិន និងថ្លៃដើមនៃការខ្ចីប្រាក់នៅជុំវិញ ពិភពលោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

​ទិន្នផលសញ្ញាបណ្ណរដ្ឋរបស់ជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ដោយសារសម្ពាធអតិផរណា ការដំឡើងអត្រាការប្រាក់របស់ធនាគារ កណ្តាលជប៉ុន (Bank of Japan) និងការព្រួយបារម្ភរបស់វិនិយោគិន ចំពោះផែនការចំណាយថវិការបស់រដ្ឋាភិបាល។

ទន្ទឹមនឹងនេះ ប្រាក់យ៉េននៅតែបន្តមានការប្រែប្រួលឡើងចុះ បន្ទាប់ពីមានអន្តរាគមន៍រួមជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ។

​បម្រែបម្រួលនៃទីផ្សារសញ្ញាបណ្ណ និងរូបិយប័ណ្ណរបស់ជប៉ុនបានជះឥទ្ធិពលរាលដាលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដ្បិតជប៉ុនគឺជាម្ចាស់បំណុលបរទេសធំបំផុតដែលកាន់កាប់មូលបត្របំណុលរតនាគារអាមេរិក (US Treasuries) ដែលធ្វើឱ្យប្រទេសនេះក្លាយជាតួអង្គគន្លឹះក្នុងការកំណត់លំហូរសាច់ប្រាក់ចេញ-ចូលក្នុងទីផ្សារសញ្ញាបណ្ណរបស់សហរដ្ឋអាមេរិក។

​រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent នៅឆ្នាំនេះបានចាប់ផ្តើមយុទ្ធនាការដ៏វិសាមញ្ញមួយ ដើម្បីធ្វើអន្តរាគមន៍លើទីផ្សារក្នុងការគាំទ្រប្រាក់យ៉េន។ ក្រុមអ្នកវិភាគលើកឡើងថា ចំណាត់ការរបស់លោក Bessent គឺក្នុងគោលបំណងរារាំងកុំឱ្យជប៉ុនលក់ទ្រព្យសកម្មជាប្រាក់ដុល្លាររបស់ខ្លួន ដូចជាមូលបត្របំណុលរតនាគារអាមេរិក ដើម្បីយកមកទប់តម្លៃប្រាក់យ៉េន ព្រោះការសម្រុកលក់មូលបត្របំណុលអាមេរិកបន្ថែមទៀត អាចនឹងរុញច្រានឱ្យអត្រាការប្រាក់នៅអាមេរិកហក់ឡើងកាន់តែខ្ពស់ ចំពេលដែលមានការព្រួយបារម្ភស្រាប់អំពីលទ្ធភាពទូទាត់ចំណាយ និងការកើនឡើងជាបន្តបន្ទាប់នៃទិន្នផលសញ្ញាបណ្ណ។

​ទីផ្សារហិរញ្ញវត្ថុរវាងសហរដ្ឋអាមេរិក និងជប៉ុន កាន់តែមានទំនាក់ទំនងផ្សារភ្ជាប់គ្នាយ៉ាងស្អិតល្មួត។ ទំនាក់ទំនងសេដ្ឋកិច្ចនេះបានក្លាយជាប្រធានបទដ៏លេចធ្លោជាថ្មីនៅសប្តាហ៍នេះ ខណៈដែលមេដឹកនាំពិភពលោកកំពុងជួបជុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈី (Sanae Takaichi) ត្រូវបានរំពឹងថានឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារ។

​ខាងក្រោមនេះជាចំណុចសំខាន់ៗដែលគួរដឹងអំពីការផ្លាស់ប្តូរនាពេលថ្មីៗនេះនៅក្នុងទីផ្សាររបស់ប្រទេសជប៉ុន និងមូលហេតុដែលវាបង្កជាផលប៉ះពាល់ជាខ្សែសង្វាក់ដល់ទីផ្សារអាមេរិក ក៏ដូចជាសេដ្ឋកិច្ចសកលលោក

កាលពីចុងខែកក្កដាកន្លងទៅ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ចូលក្នុងទីផ្សាររូបិយប័ណ្ណ ដើម្បីជួយទប់ទល់ និងជំរុញតម្លៃប្រាក់យ៉េនរបស់ជប៉ុនឱ្យងើបឡើងវិញ បន្ទាប់ពីរូបិយប័ណ្ណមួយនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយ។ ចំណាត់ការនេះ គឺជាកិច្ចអន្តរាគមន៍រួមគ្នាជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
​គិតចាប់តាំងពីពេលនោះមក ទោះបីជាប្រាក់យ៉េនមិនទាន់ធ្លាក់ដល់ចំណុចបាតជាថ្មីម្តងទៀតក៏ដោយ ក៏ប៉ុន្តែក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ តម្លៃរូបិយប័ណ្ណនេះបានចាប់ផ្តើមចុះខ្សោយ និងខិតទៅជិតកម្រិតទាបបំផុតនោះសាជាថ្មី។

ក្រុមអ្នកវិភាគបានលើកឡើងថា កិច្ចអន្តរាគមន៍នេះ គឺធ្វើឡើងក្នុងគោលបំណងមួយផ្នែក ដើម្បីទប់ស្កាត់មិនឱ្យជប៉ុនលក់ចេញនូវទ្រព្យសកម្មរបស់ខ្លួន ដែលក្នុងនោះរួមមានទាំងមូលបត្របំណុលរតនាគារអាមេរិក (US Treasuries) ដើម្បីយកមកជួយស្រោចស្រង់តម្លៃរូបិយប័ណ្ណរបស់ខ្លួន។

​យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងរតនាគារអាមេរិក បានបង្ហាញឱ្យឃើញថា ជប៉ុនបានកាត់បន្ថយការកាន់កាប់មូលបត្របំណុលរតនាគារអាមេរិកជាបន្តបន្ទាប់ នៅក្នុងខែឧសភា មិថុនា និងខែកក្កដា កន្លងទៅនេះ។
​អ្នកជំនាញបញ្ជាក់ថា ក្នុងករណីដែលជប៉ុននៅតែបន្តលក់ចេញមូលបត្របំណុលរតនាគារអាមេរិក វានឹងរុញច្រានឱ្យតម្លៃមូលបត្របំណុលធ្លាក់ចុះទាប ស្របពេលដែលទិន្នផល (Yields/អត្រាការប្រាក់) នឹងកើនឡើងកាន់តែខ្ពស់។

ប្រែសម្រួល៖ គីរី

To Top