Feature

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ពីការបន្ត ប្រើកណ្ដាប់ដៃដែក ដើម្បីបង្ក្រាបស្កេមមិនដកថយ

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅទីស្ដីការក្រសួង នារសៀលថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ជាថ្មីទៀត អំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តប្រតិបត្តិការកណ្តាប់ដៃដែក តាមបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅសេសសល់ឱ្យដល់ឫសគល់។

បើតាម ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ការប្រព្រឹត្តទៅនៃសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ជាការបញ្ជាក់ឡើងវិញថា បទល្មើសមួយនេះ មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ពោលគឺការប្រយុទ្ធប្រឆាំង ត្រូវតែបន្តរួមគ្នាធ្វើដោយគ្មានដែនកំណត់។

ទោះគ្មានដែនកំណត់ក៏ដោយ វិសាលភាពនៃការប្រព្រឹត្តរបស់ពួកឧក្រិដ្ឋជន បានរីកសាយតាមរយៈមធ្យោបាយបច្ចេកវិទ្យា ដែលរីកចម្រើនឥតឈប់ឈរ ខណៈជនរងគ្រោះ មានគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងលើពិភពលោក។

ក្នុងឱកាសនោះដែរ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ចូលរួមអបអរសាទរ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបានលទ្ធផលដ៏អស្ចារ្យ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក បានបន្ថែមទៀតថា ” ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី លោក បានថ្លែងអំណរគុណ ចំពោះការប្ដេជ្ញាចិត្ត ការបើកចំហសហប្រតិបត្តិការ និងការឈានទៅសម្រេចបានលទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាពិសេសការជួយសង្គ្រោះពលរដ្ឋឥណ្ឌូនេស៊ី ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”៕

To Top