ជំនន់ទឹកភ្លៀងនិងទឹកហូរពីថៃ កំពុងជន់លិចក្រុងប៉ោយប៉ែត អាជ្ញាធរដឹកនាំកម្លាំងចម្រុះជម្លៀសពលរដ្ឋ និងត្រៀមសង្គ្រោះ បន្ទាន់២៤ម៉ោង
បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃ រួមផ្សំ និងទឹកហូរធ្លាក់យ៉ាងគំហុកពីប្រទេសថៃ បាននិងកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរ ដល់តំបន់ព្រំដែនភាគខាងត្បូង ក្រុងប៉ោយប៉ែត ដែលជំរុញឱ្យលោក ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុង ដឹកនាំក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ ចុះពិនិត្យស្ថានភាពផ្ទាល់ និងរៀបចំផែនការអន្តរាគមន៍ ជាមុនកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងដាក់បញ្ជាឱ្យកងកម្លាំងពាក់ព័ន្ធត្រៀមមធ្យោបាយ និងកម្លាំងសង្គ្រោះ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ឲ្យបានទាន់ពេលវេលា សំដៅធានាសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ ដល់ជីវភាពនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ឱ្យបានជាអតិបរមា។

យោងតាមសេចក្តីប្រកាសអាសន្ន របស់រដ្ឋបាលខេត្តស្រះកែវ បានព្រមានចំៗថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឥទ្ធិពលសម្ពាធទាបនិងមូសុងនឹងវាយលុកខ្លាំងក្លាបំផុត ដោយបង្កជាមហន្តរាយភ្លាមៗដូចជា ទឹកជំនន់ឆាប់រហ័ស ទឹកព្រៃហូរហូរធ្លាក់បោកបក់ពីលើភ្នំ និងអាចបង្ករឲ្យមានការបាក់ស្រុតដីធ្ងន់ធ្ងរ ដែលតំបន់ជនបទនិងទីប្រជុំជនមិនអាចទប់ទល់ ឬរំដោះទឹកទាន់ពេលវេលាឡើយ ។

យោងការពិនិត្យស្ថានការណ៍ជាក់ស្តែង ក្រុមការងារនិងកម្លាំងអន្តរាគមន៍ចម្រុះបានចុះប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដល់គោលដៅ ដោយដាក់អាទិភាពខ្ពស់បំផុតក្នុងការជួយសង្គ្រោះជនងាយរងគ្រោះ រួមមាន ជនចាស់ជរា អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ព្រមទាំងប្រញាប់ប្រញាល់បញ្ជូនគ្រឿងចក្រ ចុះកាយរំដោះផ្លូវទឹកដើម្បីសម្រួលការបង្វែរចរន្តទឹកកុំឱ្យ លិចលង់លំនៅឋានពលរដ្ឋកាន់តែធ្ងន់ធ្ងរ។

ទន្ទឹមនឹងវិធានការសង្គ្រោះនេះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋគ្រប់រូបសូមបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងសហការជាមួយក្រុមការងារចុះជម្លៀសទៅកាន់ទីទួលសុវត្ថិភាពភ្លាមៗនៅពេលមានអាសន្ន ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ ជាអតិបរមាដល់ក្រុមគ្រួសារនីមួយៗ៕











អត្ថបទ: ប៊ុន សំណាង/Dap News
