Feature

តំណាងក្រសួងការងារ និងស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅតំបន់ក្វាងជូតូច

សាធារណរដ្ឋកូរ៉េ ៖ លោក​ សេង សក្តា រដ្ឋលេខាធិការ តំណាងលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក​ ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំដោយមជ្ឈមណ្ឌលគាំពារពលករបរទេសក្វាងជូតូច និងសហគមន៍ខ្មែរនៅតំបន់ក្វាងជូតូច សាធារណរដ្ឋកូរ៉េនាថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។

កម្មវិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនសហគមន៍ខ្មែរ និងពលករខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅក្នុងតំបន់ប្រមាណ ៥,០០០នាក់។

ពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជាពិសេសវីរជន និងកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាម ព្រមទាំងញាតិមិត្ត និងបងប្អូនខ្មែរដែលបានទទួលមរណភាព។ ជាមួយគ្នានេះ ពិធីក៏បានផ្តល់ឱកាសដល់បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ។

ការជួបជុំក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ មិនត្រឹមតែជាការចូលរួមថែរក្សា និងលើកស្ទួយប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែករំលែកក្តីនឹករលឹកចំពោះមាតុភូមិ និងពង្រឹងសាមគ្គីភាព ការរួបរួម និងភាពស្អិតរមួតរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក​ សេង សក្តា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនសហគមន៍ និងពលករខ្មែរទាំងអស់ដែលកំពុងរស់នៅ និងបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។

ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់បងប្អូនពលករខ្មែរ ឱ្យបន្តខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ និងអស់ពីសមត្ថភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការគោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងបទដ្ឋាននានារបស់ប្រទេសម្ចាស់ផ្ទះ។ ជាមួយគ្នានេះ បងប្អូនពលករខ្មែរត្រូវយល់ដឹង និងគោរពវប្បធម៌ ប្រពៃណី និងរបៀបរស់នៅរបស់ប្រទេសកូរ៉េ ដើម្បីចូលរួមថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះដ៏ល្អរបស់ប្រជាជាតិខ្មែរ។

ពិធីបុណ្យភ្ជុំបិណ្ឌនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពសប្បាយរីករាយ សាមគ្គីភាព និងភាពកក់ក្តៅ ដែលបង្ហាញពីការរួបរួមគ្នារបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ក្នុងការថែរក្សាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ទោះបីជាកំពុងរស់នៅឆ្ងាយពីមាតុភូមិក្តី៕

To Top