ក្រសួងបរិស្ថាន អំពាវនាវ ឱ្យកាត់បន្ថយការ ប្រើប្រាស់ថង់ប្លាស្ទិក ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាម បានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីថែរក្សាអនាម័យ បរិស្ថានបង្កើនភាពស្អាត នៅតាមសហគមន៍ និងលើកកម្ពស់សុខភាពសាធារណៈ។
រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ បានចាប់ផ្តើមពី ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ ១រោច ខែភទ្របទ ដែលជាថ្ងៃកាន់បិណ្ឌ១)។ នៅក្នុងពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ របស់ប្រទេសកម្ពុជា ដែលមានរយៈពេលសរុប ១៥ថ្ងៃ។

ក្រសួងបរិស្ថាន តាមរយៈ អ្នកនាំពាក្យក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ និងសាធារណជន ចូលរួមអនុវត្តសកម្មភាព ដើម្បីភាពស្អាត ភាពបៃតង នៅកម្ពុជា ដូចតទៅ៖
១-ចូលរួម រៀបចំ និងទុកដាក់សំរាម សំណល់រឹង ឱ្យបានស្អាត ពេលទៅវត្តអារាម ឬទីតាំងកម្សាន្តផ្សេងៗនិងថែរក្សាអនាម័យនៅតាមទីវត្តអារាម និងរមណីយដ្ឋានសាធារណៈ ដើម្បីមូលដ្ឋាន វត្តអារាម និងបរិស្ថានស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក។
២-ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬសម្ភារៈប្លាស្ទិកប្រើបានម្តង និងបន្តអនុវត្តតាមគោលការណ៍ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ)។
៣-ជាមួយគ្នានេះ អាជ្ញាធរនិងងភាគីពាក់ព័ន្ធនានា បានរៀបចំក្រុមសំអាតអនាម័យ និងមានការផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង ដល់ប្រជាពលរដ្ឋឱ្យចូលរួមសំអាតអនាម័យបរិស្ថាន និងទុកដាក់សំរាមត្រឹមត្រូវ នៅតាមធុងសំរាម។

សូមបញ្ជាក់ថា ការប្រែប្រួលឥរិយាបទវិជ្ជមាន នៃការទុកដាក់សំរាម គឺជាការរួមចំណែកមួយយ៉ាងសំខាន់ថែមទៀត លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ« ផ្លូវស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» និងយុទ្ធនាការមួយចំនួនទៀតរបស់ក្រសួងរិស្ថាន ដែលបានដាក់ចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕
