Feature

ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ ចុះជួយជម្លៀសពលរដ្ឋរងគ្រោះទឹកជំនន់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ជោកជាំ ជាបន្តបន្ទាប់បានធ្វើឱ្យកម្រិតទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ទុះឡើងយ៉ាងគំហុក និងលិចលង់តំបន់ប្រជុំជនមួយចំនួន ក្នុងក្រុងប៉ោយប៉ែត ដែលតម្រូវឱ្យមានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។ ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយទឹកជំនន់យ៉ាងសកម្ម កាលពីរសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

សកម្មភាពចុះផ្ទាល់ដល់ទីតាំងរងគ្រោះនេះ គឺជាការបង្ហាញពីកាតព្វកិច្ចដ៏មុតស្រួចរបស់កងកម្លាំងនគរបាលជាតិ ដែលមិនត្រឹមតែបំពេញការងារស្នូល ក្នុងការរក្សាសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការមនុស្សធម៌ ការងារសង្គម និងការសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន។ ការជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បានឆ្លុះបញ្ចាំងពីស្មារតីជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ ព្រមទាំងផ្តល់ភាពកក់ក្តៅ និងជាទីពឹងដ៏គួរឱ្យទុកចិត្តក្នុងពេលជួបវិបត្តិ។

ទន្ទឹមនឹងការចុះអន្តរាគមន៍ជាក់ស្តែង ក្រុមការងារចម្រុះក៏បានបន្តប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីតាមដានការវិវត្តនៃស្ថានភាពទឹក និងត្រៀមមធ្យោបាយសង្គ្រោះបន្ទាន់បន្ថែមទៀត។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានបន្តអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

អត្ថបទ៖ ប៊ុន សំណាង / Dap News

To Top