សហភាពអឺរ៉ុប ព្រមានពីវិបត្តិតម្លៃថាមពល និងស្នើឱ្យប្រទេសនានា ពិចារណាលើការទប់ស្កាត់ លើតម្រូវការប្រើប្រាស់
បរទេស: សហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិតម្លៃថាមពល ខណៈដែលផលប៉ះពាល់ពីជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានបង្កភាពវឹកវរដល់ទីផ្សារប្រេង និងឧស្ម័ន ។ មន្ត្រីជាន់ខ្ពស់ផ្នែក ថាមពលរបស់សហភាពអឺរ៉ុប បានលើកឡើងពីបញ្ហានេះនៅក្នុងលិខិតមួយ ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានកាលពីថ្ងៃសុក្រ ដោយបានជំរុញឱ្យបណ្តាប្រទេសនានា ពិចារណាលើវិធានការនានា ដើម្បីកាត់បន្ថយតម្រូវការឧស្ម័នធម្មជាតិ ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Dan Jorgensen ស្នងការទទួលបន្ទុកផ្នែក ថាមពលរបស់សហភាពអឺរ៉ុប បានសរសេរនៅក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីថាមពល នៃបណ្តាប្រទេសសមាជិកថា៖ «យើងកំពុងប្រឈមមុខ នឹងវិបត្តិតម្លៃដែលជាប់ពាក់ព័ន្ធ នឹងវិបត្តិការផ្គត់ផ្គង់»។
តំបន់អឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង និងឧស្ម័ន។ អ្នកផ្គត់ផ្គង់ពីបរទេសបំពេញតម្រូវការឧស្ម័នប្រហែល ៨០% របស់សហភាពអឺរ៉ុប ដែលធ្វើឱ្យតំបន់នេះងាយរងផលប៉ះពាល់ខ្លាំងពីការកើនឡើងនៃតម្លៃថាមពលសកល ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ដោយសារជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់។ ជាធម្មតា ច្រកសមុទ្រនេះគឺជាផ្លូវដឹកជញ្ជូនសម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ២០% នៃការផ្គត់ផ្គង់ទូទាំងពិភពលោក។
ទោះបីជាអឺរ៉ុបមិនទាន់ជួបប្រទះបញ្ហាខ្វះខាត ការផ្គត់ផ្គង់ក៏ដោយ ប៉ុន្តែតំបន់នេះកំពុងតស៊ូជាមួយបញ្ហាតម្លៃដែលកើនឡើងខ្ពស់។ ស្ថានភាពនេះធ្វើឱ្យប្រទេសមួយចំនួន ជួបការលំបាកក្នុងការបំពេញស្តុកឧស្ម័នសម្រាប់ត្រៀមទុកប្រើប្រាស់ក្នុងរដូវរងា ដែលជាពេលដែលតម្រូវការប្រើប្រាស់ ថាមពលសម្រាប់កម្តៅក្នុងផ្ទះកើនឡើងដល់កម្រិតខ្ពស់បំផុត។
