រុស្ស៊ី អះអាងថា ការវាយប្រហារ តាមផ្លូវអាកាសរបស់ខ្លួន បំផ្លាញ ២៥% នៃប្រព័ន្ធអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ Starlink របស់អ៊ុយក្រែន
មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីប្រភពពីកងកម្លាំងសន្តិសុខរុស្ស៊ីថា ការវាយប្រហារដោយកងកម្លាំងរុស្ស៊ី ទៅលើមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីក្រុងគៀវ បានបណ្តាលឱ្យមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចំនួនមួយភាគបួន ដែលផ្តល់សេវាអ៊ីនធឺណិត និងការគាំទ្រប្រព័ន្ធ Starlink ដល់កងកម្លាំងអ៊ុយក្រែន។
ទីភ្នាក់ងារនេះបានបន្ថែមថា ការវាយប្រហារទាំងនោះក៏បានបណ្តាលឱ្យមានការផ្អាកមួយផ្នែកនៃការផ្សាយទូរទស្សន៍របស់អ៊ុយក្រែន និងបង្កបញ្ហាដល់បណ្តាញសង្គម និងសេវាកម្មវីដេអូផងដែរ។
ប្រភពដដែលនោះត្រូវបានដកស្រង់សម្តីថា«ការរំខានមិនមែនមានត្រឹមតែលើវិស័យទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបញ្ហាជាមួយបណ្តាញសង្គម និងសេវាកម្មវីដេអូ ហើយប្រជាជននៅទីក្រុងគៀវ មិនអាចចូលប្រើប្រាស់ YouTube និងធនធានផ្សេងទៀតបានឡើយ»៕
ប្រែសម្រួល ឈូក បូរ៉ា
