អ៊ីរ៉ង់ ច្រានចោលផែនការ សងសឹកផ្នែកយោធាជុំវិញ ការរឹតបន្តឹងដែនអាកាសថ្មីៗនេះ
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន Tasnim ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ បានរាយការណ៍ថា លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់ (SNSC) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធថា អ៊ីរ៉ង់នឹងមិនចាត់វិធានការសងសឹកផ្នែកយោធា ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងផ្នែកអាកាសចរណ៍ ដែលបានដាក់លើប្រទេសនេះនាពេលថ្មីៗនេះទេ។
ក្រុមប្រឹក្សា SNSC បានចេញសេចក្តីថ្លែងការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងការបកស្រាយ និងការដកស្រង់សម្តីមួយចំនួនដែល “នាំឱ្យមានការយល់ច្រឡំ” ចេញពីការលើកឡើងថ្មីៗរបស់លោក Mohsen Rezaei ដែលជាលេខាធិការរបស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាដឹកជញ្ជូនតាមផ្លូវអាកាស ដែលបានបង្កឱ្យមានសំណួរ និងភាពមិនច្បាស់លាស់នានា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការអះអាងដែលថា អ៊ីរ៉ង់នឹងងាកទៅរកការសងសឹកផ្នែកយោធា ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងផ្នែកអាកាសចរណ៍ថ្មីៗនេះ ត្រូវបានបដិសេធ ហើយបានបន្ថែមថា ការចរចាជាមួយប្រទេសពាក់ព័ន្ធកំពុង ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីលុបចោលការរឹតបន្តឹង ផ្នែកអាកាសចរណ៍មួយចំនួន ដែលចាត់ទុកថា “ខុសច្បាប់”។
ក្រុមប្រឹក្សា SNSC បានសង្កត់ធ្ងន់ថា មានវិធីសាស្រ្តជាច្រើន ដែលមិនមែនជាយោធា សម្រាប់ធ្វើការឆ្លើយតបទៅនឹងភាគី ដែលអនុវត្តតាមការរឹតបន្តឹងទាំងនោះ ដែលអាចត្រូវបានអនុវត្តចំពោះអាកាសយានដ្ឋានមួយចំនួនប្រសិនបើចាំបាច់ ខណៈពេលដែលខ្លួនសង្ឃឹមថាស្ថានភាពនឹងមិនឈានដល់ចំណុចនោះឡើយ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឧ្យដឹងថា “ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ទាំងអស់ នឹងត្រូវបិទទ្វារនៅទូទាំងពិភពលោក” ដោយបានគំរាមដាក់ទណ្ឌកម្មបន្ទាប់បន្សំ លើក្រុមហ៊ុននានា ដែលផ្តល់សេវាកម្មអាកាសចរណ៍ដល់ក្រុមហ៊ុនទាំងនោះ៕
ប្រែសម្រួល ឈូក បូរ៉ា
