Feature

លោកឧត្តមសេនីយ៍ទោ ហេង សុផល បាននាំយកអាវពោង ព្រមទាំងសម្ភារៈមួយចំនួន ឧបត្ថម្ភដល់កម្លាំង នគរបាលស្រុកស្ទោង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ!

កំពង់ធំ ៖ រសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ដើម្បីតាមដានស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ព្រះរាជាណាចក្រកម្ពុជា បានទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប បង្កឱ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យតំបន់ មួយចំនួនរង ការកើនឡើងនៃជំនន់ទឹកភ្លៀង និងរង់ផលប៉ះពាល់ដល់អគាររដ្ឋបាល ទីកន្លែងសម្រាប់មន្ត្រី បំពេញភារកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ តំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក៏បានរងផលប៉ះពាល់ផងដែរ។

ក្នុងឱកាសនោះ លោកស្នងការបានណែនាំដល់លោកអធិការនគរបាលស្រុកស្ទោង និងកងកម្លាំងពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការចាំបាច់ ដោយត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យប្រព័ន្ធប្រឡាយ ដើម្បីរំដោះទឹក ព្រមទាំងស្វែងរក និងរៀបចំទីទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋក្នុងករណីមានការជម្លៀសជាបន្ទាន់។

ជាមួយគ្នានេះ កងកម្លាំងត្រូវចុះផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ទន្លេ ស្ទឹង បឹងបួរ ព្រែក និងអូរ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ ព្រមទាំងប្រយ័ត្នចំពោះសត្វអសិរពិសដែលអាចបង្កគ្រោះថ្នាក់ក្នុងពេលមានទឹកជំនន់។

លោកស្នងការក៏បានណែនាំឱ្យចុះត្រួតពិនិត្យទីតាំងអាជីវកម្មចម្លង និងធ្វើការអប់រំណែនាំដល់ម្ចាស់អាជីវកម្មឱ្យគោរពវិធានសុវត្ថិភាព ដោយចៀសវាងការផ្ទុកមនុស្ស សត្វ និងទ្រព្យសម្បត្តិលើសទម្ងន់ ដែលអាចបង្កហានិភ័យដល់អាយុជីវិត។

លើសពីនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានជំរុញ កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកត្រូវ
ត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់ធ្វើអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ជាយថាហេតុ។

ជាចុងក្រោយ លោកស្នងការបានសង្កត់ធ្ងន់ឱ្យកងកម្លាំងបន្តតាមដានស្ថានភាពទឹកនៅតាមស្ទឹង បឹង និងទន្លេជាប្រចាំ ដើម្បីមានព័ត៌មានទាន់ពេលវេលា និងអាចចាត់វិធានការជួយសង្គ្រោះ ឬជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពបានទាន់ពេលវេលា ក្នុងករណីស្ថានភាពទឹកមានការកើនឡើង ៕ដោយសំនៀង

To Top