ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក បញ្ជាក់ជាថ្មីពីការបដិសេធមិន ទទួលយកការជ្រៀតជ្រែកពីបរទេស

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មីពីការបដិសេធមិន ទទួលយកការជ្រៀតជ្រែក ពីបរទេសមកលើកិច្ចការផ្ទៃក្នុង របស់ប្រទេសម៉ិកស៊ិក។

ការថ្លែងនេះធ្វើឡើងក្នុងអំឡុងពេលនៃការជួបជុំគ្នានៅទីលាន Zocalo ក្នុងទីក្រុងម៉ិកស៊ិក ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចទូទាំងប្រទេសរបស់លោកស្រី​ ក្នុងគោលបំណងបង្ហាញពីការទទួលខុសត្រូវ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។

លោកស្រីបានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅទីលានសំខាន់នៃរដ្ឋធានីថា៖ «គ្មានមហាអំណាចបរទេស ឬក្រុមឥស្សរជនសេដ្ឋកិច្ច ឬនយោបាយណាមួយមានសិទ្ធិកំណត់ជោគវាសនាបច្ចុប្បន្ន និងអនាគតនៃមាតុភូមិរបស់យើងឡើយ។ សិទ្ធិនោះជារបស់ប្រជាជនម៉ិកស៊ិកតែប៉ុណ្ណោះ»។

លោកស្រីបានផ្សារភ្ជាប់ការការពារអធិបតេយ្យភាពជាតិទៅនឹងអ្វីដែលរដ្ឋាភិបាលរបស់លោកស្រីហៅថា «ការផ្លាស់ប្តូរលើកទីបួន» (Fourth Transformation)។ នេះគឺជាគម្រោងនយោបាយមួយ​ ដែលផ្តួចផ្តើមឡើងដោយអ្នកកាន់តំណែងមុនរបស់លោកស្រី គឺលោក Andres Manuel Lopez Obrador ដែលមានគោលបំណងកែទម្រង់គំរូនៃការអភិវឌ្ឍរបស់ម៉ិកស៊ិក ដោយផ្តោតសំខាន់លើសុខុមាលភាពសង្គម សមភាព និងអធិបតេយ្យភាពជាតិ។

លោកស្រីបានលើកឡើងថា ការផ្លាស់ប្តូររបស់ប្រទេសនាពេលបច្ចុប្បន្ននេះ គឺដើរតាមគន្លងប្រវត្តិសាស្ត្រនៃការតស៊ូ​ ដើម្បីឯករាជ្យភាព និងការផ្លាស់ប្តូរសង្គម។ លោកស្រីបានសំដៅលើដំណាក់កាលសំខាន់ៗនានា រួមមានចលនាឯករាជ្យភាពរបស់ម៉ិកស៊ិក សម័យកាលនៃការកែទម្រង់នៅសតវត្សរ៍ទី ១៩ និងបដិវត្តន៍ម៉ិកស៊ិក ដែលជាពេលដែលប្រជាជនម៉ិកស៊ិក​ បានតស៊ូដើម្បីការពារអធិបតេយ្យភាពជាតិ និងស្វែងរកការកែទម្រង់នយោបាយ និងសង្គម។

ដោយមានការអមដំណើរពីអភិបាលក្រុងម៉ិកស៊ិក លោកស្រី Clara Brugada និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកស្រី លោកស្រីប្រធានាធិបតី​ ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលនានារបស់រដ្ឋាភិបាលលោកស្រី នៅក្នុងវិស័យដូចជា កម្មវិធីសុខុមាលភាព ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសន្តិសុខ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top