លោក ដូណាល់ ត្រាំ រំពឹងថា នឹងមានការចរចាបន្ថែមទៀត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅសប្តាហ៍នេះ ទោះបីជាបានបដិសេធ សំណើបទឈប់បាញ់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកជឿជាក់ថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើការចរចាបន្ថែមទៀត នៅសប្តាហ៍នេះ គឺមួយថ្ងៃបន្ទាប់ពីលោកបានបញ្ជាក់ថា លោកបានបដិសេធសំណើ បទឈប់បាញ់ចុងក្រោយរបស់អ៊ីរ៉ង់។
លោក ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មានអនឡាញអាមេរិក Axios ថា៖ «ខ្ញុំរំពឹងថានឹងមានការចរចាបន្ថែមទៀតជាមួយអ៊ីរ៉ង់ នៅសប្តាហ៍នេះ»។
ដោយដកស្រង់ប្រភពព័ត៌មានក្នុងតំបន់ចំនួនពីរ ស្ថាប័ន Axios បានរាយការណ៍ថា ការសន្ទនាដោយប្រយោលមួយជុំទៀតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងកើតឡើងនៅថ្ងៃចន្ទ ប៉ុន្តែវានៅមិនទាន់ច្បាស់លាស់នៅឡើយទេថាតើភាគីទាំងពីរអាចដោះស្រាយភាពខុសគ្នារបស់ពួកគេបានឬយ៉ាងណា។
នៅពេលត្រូវបានសួរថាតើលោកកំពុងពិចារណាលើការបន្តការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ឬទេ លោក ដូណាល់ ត្រាំ បានឆ្លើយថា «លោកតែងតែគិតអំពីវាជានិច្ច»។
តំណាងពិសេសរបស់សហរដ្ឋអាមេរិកគឺលោក Steve Witkoff និងលោក Jared Kushner បានធ្វើការចរចាដោយប្រយោលមួយជុំថ្មីជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារសប្តាហ៍មុន។
យោងតាម ស្ថាប័នព័ត៌មានខាងលេី អ៊ីរ៉ង់បានស្នើឱ្យបើកច្រកសមុទ្រហ័រមូស ឡើងវិញ និងបន្តការចរចាលើបញ្ហានុយក្លេអ៊ែរក្នុងរយៈពេលមួយសប្តាហ៍ ដោយមានលក្ខខណ្ឌថា សហរដ្ឋអាមេរិកត្រូវដកការបិទខ្ទប់ផ្លូវសមុទ្រ លុបចោលការដាក់ទណ្ឌកម្មលើការលក់ប្រេងរបស់អ៊ីរ៉ង់ និងស្តារបទឈប់បាញ់ក្នុងតំបន់ឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
