ការនាំចេញប្រេងពីមជ្ឈិមបូព៌ា បានងើបឡើងវិញ នៅខែកញ្ញាដល់កម្រិត ១២,៨ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលអារ៉ាប៊ីសាអូឌីត បង្កើនការដឹកជញ្ជូន
បរទេស៖ ទិន្នន័យពីក្រុមហ៊ុន Kpler ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ បានបង្ហាញថា ការនាំចេញប្រេងឆៅពី បណ្តាប្រទេសផលិតសំខាន់ៗនៅមជ្ឈិមបូព៌ា បានកើនឡើងវិញនៅក្នុងខែកញ្ញា ដល់កម្រិត ១២,៨ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅក្នុងខែកុម្ភៈមក ដោយសារប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) បានបង្កើនការនាំចេញរបស់ពួកគេ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា ការកើនឡើងវិញនេះបានកើតឡើងបន្ទាប់ពីមានការងើបឡើងវិញនៃការនាំចេញតាមរយៈច្រកសមុទ្រ Hormuz ដែលត្រូវបានគេរំពឹងថា នឹងឈានដល់ប្រហែល ៧,៤ លានបារ៉ែលក្នុងមួយថ្ងៃនៅខែនេះ។ នេះគឺដោយសារតែប្រទេសអារ៉ាប៊ីសាអូឌីតបានបង្វែរការនាំចេញប្រេងចេញពីកំពង់ផែ Yanbu នៅសមុទ្រក្រហម បន្ទាប់ពីមានការវាយប្រហារដែលបានធ្វើឱ្យខូចខាតបំពង់បង្ហូរប្រេង East-West របស់ខ្លួន, នេះបើយោងតាមទិន្នន័យបឋម។
ទោះបីជាការនាំចេញពីតំបន់នេះ ដែលរួមមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ាក់ អូម៉ង់ កាតា គុយវ៉ែត និងអ៊ីរ៉ង់ បានកើនឡើងវិញក៏ដោយ ក៏វានៅតែមានកម្រិតទាបជាងប្រហែល ៦ លានបារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹងកម្រិត ១៨,៨ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែកុម្ភៈ, នេះបើយោងតាមក្រុមហ៊ុន Kpler។
ទិន្នន័យបានបង្ហាញថា ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញកំពូលនៅក្នុងតំបន់នេះ ត្រូវបានគេរំពឹងថា នឹងនាំចេញប្រេងប្រហែល ៥,៤ លានបារ៉ែលក្នុងមួយថ្ងៃនៅខែនេះ ដែលជាការកើនឡើងវិញពីកម្រិត ២,៤៤៦ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែសីហា។
យោងតាមទិន្នន័យដដែល ការនាំចេញប្រេងនៅក្នុងខែកញ្ញាពីកំពង់ផែ Ras Tanura ក្នុងតំបន់ឈូងសមុទ្រ បានកើនឡើងដល់ប្រហែល ៣,៦ លានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹង ៩២៩.០០០ បារ៉ែលក្នុងមួយថ្ងៃកាលពីខែសីហា ប៉ុន្តែនៅតែទាបជាងកម្រិត ៦,៤១១ លានបារ៉ែលក្នុងមួយថ្ងៃដែលបានកត់ត្រានៅក្នុងខែកុម្ភៈ។
ទិន្នន័យរបស់ Kpler បានបង្ហាញទៀតថា កប៉ាល់ដឹកប្រេងឆៅខ្នាតយក្ស (VLCC) សរុបចំនួន ១៩ គ្រឿង ដែលនីមួយៗផ្ទុកប្រេងរបស់អារ៉ាប៊ីសាអូឌីតចំនួន ២ លានបារ៉ែល បានធ្វើដំណើរចេញពីច្រកសមុទ្រ Hormuz កាលពីសប្តាហ៍មុន។
ប្រែសម្រួលៈ តុលា
