នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ចង់នាំប្រធានាធិបតីតួកគី ទៅតុលាការក្រុងឡេអេ
បរទេស៖ បណ្តាញព័ត៌មាន i24NEWS ដោយដកស្រង់ប្រភពនានា បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងរៀបចំប្តឹងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយមានបំណងប្រើប្រាស់វាជា ឧបករណ៍តថ្លៃនៅក្នុងជម្លោះ ដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីប្រទេសតួកគីបានប្រកាសកាលពីខែមុនថា ខ្លួនបានស្នើសុំឱ្យអង្គការ Interpol ចេញ «សេចក្តីជូនដំណឹងពណ៌ក្រហម» (Red Notice) ប្រឆាំងនឹងលោក Netanyahu បន្ទាប់ពីតុលាការតួកគីមួយបានចេញដីកា ចាប់ខ្លួនគាត់ ក្រោមការចោទប្រកាន់រួមទាំងអំពើប្រល័យពូជសាសន៍ ពាក់ព័ន្ធនឹងការដែលអ៊ីស្រាអែល បានស្ទាក់ចាប់ក្បួននាវា «Global Sumud Flotilla» ដែលធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា (Gaza) កាលពីដើមឆ្នាំនេះ។
លោក Netanyahu បានឆ្លើយតបវិញដោយការរិះគន់យ៉ាងខ្លាំង ទៅលើមេដឹកនាំតួកគីរូបនេះ ដោយហៅគាត់ថាជា «ជនផ្តាច់ការដែលមានគំនិត ស្អប់ខ្ពើមជនជាតិជ្វីហ្វ» និងចោទប្រកាន់លោក Erdogan ពីបទសម្លាប់រង្គាលជនជាតិឃើដ (Kurds) និងការផ្តល់ជម្រកដល់សមាជិកក្រុមហាម៉ាស (Hamas)។ លោកបានលើកឡើងដដែលៗនូវការចោទប្រកាន់ទាំងនេះ នៅក្នុងសុន្ទរកថា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ដោយពណ៌នាប្រទេសតួកគីថាជា «ប្រទេសចុងក្រោយគេដែលក្លាយជាអ្នកផ្សព្វផ្សាយដ៏ធំនៃពាក្យកុហកដែលស្អប់ខ្ពើមជនជាតិជ្វីហ្វ»។ លោក Burhanettin Duran នាយកផ្នែកទំនាក់ទំនងរបស់តួកគី បានច្រានចោលការលើកឡើងទាំងនោះថាជា «ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន»។
យោងតាមសេចក្តីរាយការណ៍ បច្ចុប្បន្នលោក Netanyahu បានណែនាំក្រុមការងារអន្តរក្រសួង របស់អ៊ីស្រាអែល និងប្រធាននាយកដ្ឋាន ច្បាប់អន្តរជាតិ របស់អ៊ីស្រាអែល ឱ្យរៀបចំឯកសារបណ្តឹងដែលផ្តោតសំខាន់ លើការចោទប្រកាន់អំពីការវាយប្រហារប្រឆាំងនឹងជនជាតិភាគតិចឃើដ។ ឯកសារនោះក៏នឹងលើកឡើងផងដែរអំពីការចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោក Erdogan បានផ្តល់ហិរញ្ញវត្ថុដល់ក្រុមហាម៉ាសថែមទៀត។
សូមជម្រាបថា តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (The Hague) ត្រូវបានបង្កើតឡើងក្រោមលក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ដែលចូលជាធរមាននៅឆ្នាំ ២០០២ ដើម្បីកាត់ទោសលើបទល្មើសប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ យោងតាម i24NEWS អ៊ីស្រាអែលទំនងជានឹងបន្តដំណើរការបណ្តឹងនេះតាមរយៈភាគីទីបី ទោះបីជាមានលទ្ធភាពដែលខ្លួនអាចដាក់ពាក្យបណ្តឹងដោយផ្ទាល់ក៏ដោយ។
ប្រែសម្រួលៈ តុលា
