ទឹកជំនន់វាយប្រហារ ៥ក្រុង-ស្រុកធ្ងន់ធ្ងរ នៅបន្ទាយមានជ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះអន្តរាគមន៍បន្ទាន់នៅប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ខណ:ជំនន់ទឹកភ្លៀង និងជំនន់ហូរធ្លាក់ពីប្រទេសថៃនៅតែបន្តជន់លិចខ្លាំង នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ រួមមាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តបន្ទាយមានជ័យ-បាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដែលត្រូវបានជម្លៀស មកកាន់ទីទួលសុវត្ថិភាពក្នុងក្រុងប៉ោយប៉ែត ដើម្បីផ្តល់សេចក្តីសង្ឃឹម និងការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់រាជរដ្ឋាភិបាល ក្នុងពេលដែលខេត្តភាគពាយព្យមួយនេះ កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយ។

ការចុះអន្តរាគមន៍ផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងចំពោះមុខសភាពការណ៍អាសន្នដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ ៥ ក្រុង-ស្រុក (ប៉ោយប៉ែត ម៉ាឡៃ អូរជ្រៅ សិរីសោភ័ណ និងស្រុកមង្គលបុរី ដោយសារជំនន់ទឹកភ្លៀងឆ្លងដែន ពីប្រទេសជិតខាងបន្តហូរចូលមកឥតឈប់ឈរក្នុងបរិមាណ រហូតដល់ ៦១០ ម³/វិនាទី (ជិត ៥២ លានម៉ែត្រគូបក្នុងមួយថ្ងៃ) គួបផ្សំភ្លៀងក្នុងស្រុកនៅតែបន្តធ្លាក់ ។
ចំពោះមុខវិបត្តិនេះ អាជ្ញាធរខេត្ត និងកងកម្លាំងសមត្ថកិច្ចចម្រុះបានបង្កើនសកម្មភាពជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ខណៈក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យមន្ទីរជំនាញខេត្ត បើកទ្វារទឹករំដោះជំនន់ដល់កម្រិតអតិបរមានៅតាមប្រព័ន្ធធារាសាស្ត្រភាគខាងលិច និងតាមបណ្តោយព្រំដែន ដើម្បីពន្លឿនការបញ្ចេញទឹក និងកាត់បន្ថយផលប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ទន្ទឹមនឹងប្រតិបត្តិការសង្គ្រោះយ៉ាងសកម្ម អាជ្ញាធរដែនដីក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងតំបន់ទំនាបរងគ្រោះទាំងអស់ ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រៀមលក្ខណៈឆ្លើយតបគ្រប់ពេលវេលា។
ក្នុងករណីជួបប្រទះស្ថានភាពអាសន្ន ឬត្រូវការជំនួយសង្គ្រោះជាបន្ទាន់ ប្រជាពលរដ្ឋត្រូវប្រញាប់រាយការណ៍មកកាន់អាជ្ញាធរ និងកងកម្លាំងប្រចាំការ ២៤ ម៉ោង នៅតាមមូលដ្ឋានឱ្យបានលឿនបំផុត ដើម្បីទទួលបានការអន្តរាគមន៍ និងសង្គ្រោះបានទាន់ពេលវេលា៕















អត្ថបទ:ប៊ុន សំណាង/Dap News
