ពីការកសាងបក្សទៅការកសាងប្រទេស៖ គតិបណ្ឌិតរបស់លោក Xi Jinping
ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវពីប្រទេសចិន ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ខ្ញុំយល់ថា ប្រសិនបើយើង ចង់យល់ដឹងស៊ីជម្រៅពីដំណើរអភិវឌ្ឍរបស់ប្រទេសចិនក្នុងយុគសម័យថ្មី យើងមិនគួរមើលតែតួលេខ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ឬសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានោះទេ។ យើងក៏ត្រូវឈ្វេងយល់ពី របៀបដែលប្រទេសចិនពង្រឹងសមត្ថភាពដឹកនាំ និងការកសាងបក្សកុម្មុយនិស្តចិនផងដែរ។
តាមរយៈការបកប្រែសៀវភៅ«អភិបាលកិច្ចប្រទេសចិន(ភាគ)»មកជាភាសាខ្មែរ ខ្ញុំកត់សម្គាល់បានថា ចាប់តាំងពីសមាជជាតិលើកទី១៨ ក្នុងឆ្នាំ២០១២ លោក Xi Jinping បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ ការកសាងបក្ស និងការគ្រប់គ្រងខ្លួនឯងរបស់បក្សយ៉ាងតឹងរ៉ឹង។ នៅខែមិថុនា ឆ្នាំ២០២៦ ស្នាដៃជ្រើស រើសរបស់លោក Xi Jinping ស្តីពីការពង្រឹងស្មារតីរបស់បក្សកុម្មុយនិស្តចិន ចំនួនពីរភាគ ត្រូវបាន បោះពុម្ពផ្សាយ ដោយប្រមូលស្នាដៃសំខាន់ៗចំនួន១០២ច្បាប់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបង្ហាញពីសារៈសំខាន់នៃប្រធានបទនេះនៅក្នុងការយល់ដឹងអំពីការអភិវឌ្ឍ ប្រទេសចិន។
ការកសាងបក្ស គឺជាការកសាងសមត្ថភាពដឹកនាំ
តាមការយល់ឃើញរបស់ខ្ញុំ ចំណុចសំខាន់មួយនៃគំនិតស្តីពីការកសាងកម្លាំងគ្រឹះរបស់បក្សកុម្មុយនិស្តចិន គឺការភ្ជាប់រវាងគោលដៅ កម្លាំងដឹកនាំ និងសមត្ថភាពអនុវត្ត។ ប្រទេសមួយអាចមានផែនការអភិវឌ្ឍដ៏ល្អ ប៉ុន្តែប្រសិនបើខ្វះសមត្ថភាពក្នុងការអនុវត្តផែនការនោះក៏ពិបាកក្លាយជាលទ្ធផលជាក់ស្តែង។ ក្នុងន័យនេះ ប្រទេសចិនបានផ្តោតលើការកសាងកម្លាំងរបស់បក្សកុម្មុយនិស្តចិនដែលមានប្រសិទ្ធភាព ការអភិវឌ្ឍមន្ត្រី ដែលមានសមត្ថភាព ការពង្រឹងមូលដ្ឋាននិងការធានាឱ្យគោលនយោបាយអាចអនុវត្តបានដល់មូលដ្ឋាន។ នៅក្នុងសន្និសីទជាតិស្តីពីការកសាងបក្សក្នុងខែមិថុនា ឆ្នាំ២០២៦ បក្សកុម្មុយនិស្តចិនបានបញ្ជាក់ថា គតិបណ្ឌិតរបស់លោក Xi Jinping ស្តីពីការកសាងបក្សកុម្មុយនិស្តចិន ផ្តោតលើការពង្រឹងការដឹកនាំ ការគ្រប់គ្រងខ្លួនឯងយ៉ាងតឹងរ៉ឹង ការពង្រឹងអង្គការមូលដ្ឋាន ការកសាងក្រុមមន្ត្រីដែលមានសមត្ថភាព និងការគ្រប់គ្រងបក្សតាមរយៈប្រព័ន្ធ និងបទប្បញ្ញត្តិ។
វិន័យ និងការគ្រប់គ្រងខ្លួនឯង
មេរៀនមួយដែលគួរឱ្យចាប់អារម្មណ៍ គឺការយល់ថា គណបក្សដែលមានអំណាច និងទំនួលខុសត្រូវខ្ពស់ ត្រូវការប្រព័ន្ធត្រួតពិនិត្យ និងវិន័យដែលមានប្រសិទ្ធភាព។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយមិនគួរត្រូវបាន មើលត្រឹមជាការដាក់ទណ្ឌកម្មបុគ្គលទេ។ វាក៏ជាការកសាងប្រព័ន្ធដែលធ្វើឱ្យអ្នកកាន់អំណាចយល់ថា អំណាចត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវ និងត្រូវប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍ប្រជាជន។ នេះជា មូលហេតុដែលការគ្រប់គ្រងខ្លួនឯងយ៉ាងតឹងរ៉ឹងត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយនៃការកសាងបក្សកុម្មុយនិស្តចិនក្នុងយុគសម័យថ្មី។
ពីការកសាងបក្សដោយយកប្រជាជនជាស្នូល
សម្រាប់ខ្ញុំ ចំណុចដែលមានសារៈសំខាន់បំផុត គឺការភ្ជាប់ការកសាងសមត្ថភាពដឹកនាំទៅនឹងការកែ លម្អជីវភាពប្រជាជន។ បទពិសោធន៍របស់ចិនក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ បង្ហាញថា ការអភិវឌ្ឍត្រូវការគោលដៅច្បាស់ ការរៀបចំធនធាន ការចុះទៅមូលដ្ឋាន និងការតាមដាន លទ្ធផល។ ការពង្រឹងមូលដ្ឋានត្រូវបានចាត់ទុកជាយុទ្ធសាស្ត្ររយៈពេលវែង និងជាមូលដ្ឋានសម្រាប់ ការងារជាក់ស្តែងនៅតាមសហគមន៍។ ជាការអង្កេតជាក់ស្តែង ខ្ញុំបានទៅកាន់តំបន់ជនបទជាច្រើន របស់ប្រទេសចិន ខ្ញុំបានយល់យ៉ាងច្បាស់ពីបទពិសោធន៍អភិវឌ្ឍជនបទរបស់ចិន ហើយយកបទពិសោធន៍ មួយចំនួន ខ្ញុំបានយកមកពិភាក្សានិងអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅក្នុងតំបន់ជនបទរបស់ប្រទេសកម្ពុជា ដោយ«ភូមិគំរូមិត្តភាពកម្ពុជា-ចិន»ជាឧទាហរណ៍បញ្ជាក់ស្រាប់។ ខ្ញុំសូមបញ្ជាក់ឡើងវិញថា មិនមែន គ្រប់អ្វីៗរបស់ប្រទេសចិនអាចយកមកប្រើនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់នោះទេ ប៉ុន្តែ វិធីគិត និងវិធីដោះស្រាយបញ្ហា អាចផ្តល់ជាគំនិតដ៏មានតម្លៃ។
រៀនពីចិន ប៉ុន្តែមិនចម្លងចិន
ក្នុងទំនាក់ទំនងកម្ពុជា-ចិនដែលកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង និងការ អភិវឌ្ឍកាន់តែមានសារៈសំខាន់។ នៅខែមិថុនា ឆ្នាំ២០២៦ លោក Xi Jinping ក៏បានលើកឡើងអំពីការពង្រឹងការផ្លាស់ប្តូររវាងគណបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា ហើយផ្តល់ឱកាសដល់មន្ត្រីគណបក្សកាន់អំណាចនៃប្រទេសយើងទាំងពីរអាចចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងបក្ស និងរដ្ឋ។ ក្នុងនាមជាអ្នកស្រាវជ្រាវមួយរូបនៅក្នុងប្រទេសកម្ពុជា ខ្ញុំយល់ថា យើងគួរបន្តសិក្សាបទពិសោធន៍ចិនដោយស្មារតី «រៀនសូត្រ មិនមែនចម្លង»។ ប្រទេសនីមួយៗមាន ប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធនយោបាយ និងលក្ខខណ្ឌជាតិខុសៗគ្នា។ អ្វីដែលយើងគួរយក គឺគោលការណ៍ វិធីសាស្ត្រ និងបទពិសោធន៍ដែលអាចសម្របទៅនឹងតម្រូវការជាក់ស្តែងដែលផ្តលផលប្រយោជន៍ដល់ ប្រទេស និងប្រជាជនកម្ពុជា។
សម្រាប់ខ្ញុំ ការសិក្សាប្រទេសចិនមិនមែនដើម្បីស្វែងរក «គំរូមួយសម្រាប់គ្រប់ប្រទេស» នោះទេ។ វាគឺដើម្បីស្វែងរកបទពិសោធន៍ដែលអាចបំផុសគំនិត។ ការកសាងបក្សកុម្មុយនិស្តចិន ការកសាង សមត្ថភាពដឹកនាំ ការរក្សាវិន័យ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការពង្រឹងមូលដ្ឋាន និងការកំណត់យក ប្រជាជនជាស្នូលនៃគោលការណ៍របស់គណបក្ស និងគ្រឹះនៃអភិបាលកិច្ចរបស់រដ្ឋ នោះគតិបណ្ឌិតរបស់ លោក Xi Jinping នឹងក្លាយជាប្រធានបទដែលសមនឹងបន្តសិក្សា និងឈ្វេងយល់ស៊ីជម្រៅ។ ប្រសិនបើការយល់ដឹងកាន់តែច្បាស់ពីគតិបណ្ឌិតរបស់លោក Xi Jinping នឹងនាំទៅរកការយល់ដឹងកាន់ តែស៊ីជម្រៅ ហើយបន្ថែមនូវបទពិសោធន៍ដ៏មហិមាបន្ថែមទៀត សម្រាប់ពង្រឹងមិត្តភាពកាន់តែជ្រាលជ្រៅ ជាមួយចិន និងប្រកៀកស្មាគ្នាជាមួយប្រទេសចិនក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្ស ជាតិ៕
ដោយ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ
