មិត្តភាពកម្ពុជា–ចិន៖ ការកសាង សហគមន៍វាសនារួម កម្ពុជា–ចិន គ្រប់កាលៈទេសៈ ក្នុងយុគសម័យថ្មី
ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសូមប្រសិទ្ធពរជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន។ ឱកាសនេះ មិនត្រឹមតែជាពេលវេលាសម្រាប់រំលឹកដល់ដំណើរអភិវឌ្ឍជាតិដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយសម្រាប់យើងពិនិត្យមើលឡើងវិញនូវមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន ព្រមទាំងទិសដៅដែលទំនាក់ទំនងនេះកំពុងឈានទៅមុខ។
ទំនាក់ទំនងកម្ពុជា–ចិន មិនមែនជាបាតុភូត ដែលទើបកើតមាននាពេលថ្មីៗនេះទេ។ ទំនាក់ទំនងនេះមានឫសគល់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ តាំងពីវិថីសូត្របុរាណ ដែលបានតភ្ជាប់ប្រជាជននិងអរិយធម៌ រហូតមកដល់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនាសម័យបច្ចុប្បន្ន ដែលបានបើកទំព័រថ្មីនៃការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ។ ទំនាក់ទំនងនេះត្រូវបានថែរក្សា និងពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជាច្រើនជំនាន់។ ក្នុងសម័យទំនើប មិត្តភាពដែលត្រូវបានកសាងឡើងដោយ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ ត្រូវបានបន្តពូនជ្រំក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តពង្រឹងឱ្យកាន់តែរឹងមាំក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ការប្តេជ្ញាចិត្តដ៏បន្តបន្ទាប់នេះ បានបង្កើតជាមូលដ្ឋាននយោបាយដ៏រឹងមាំសម្រាប់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ សព្វថ្ងៃ មិត្តភាពដែលមានឫសគល់ជាប្រវត្តិសាស្ត្រនេះ បានវិវឌ្ឍទៅជាទំនាក់ទំនងដ៏ទូលំទូលាយ ដែលគ្របដណ្តប់លើទំនុកចិត្តនយោបាយ ពាណិជ្ជកម្ម និងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
ជំពូកថ្មីដ៏សំខាន់មួយនៃទំនាក់ទំនងនេះ ត្រូវបានបើកឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។ កម្ពុជា និងចិនបានឯកភាពគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា–ចិនគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី»។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «ត្បូងពេជ្រឆកោណ» (Diamond Hexagon) ព្រមទាំងជំរុញការអភិវឌ្ឍ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម (Industrial Development Corridor) និង ច្រករបៀងមច្ឆា និងអង្ករ (Fish and Rice Corridor)។
ពាក្យថា «គ្រប់កាលៈទេសៈ» (All-Weather) គួរទទួលបានការយកចិត្តទុកដាក់ជាពិសេស។ តាមទស្សនៈរបស់ខ្ញុំ ពាក្យនេះមិនគួរត្រូវបានយល់ថា គ្រាន់តែជាឃ្លាការទូតមួយប៉ុណ្ណោះទេ។ វាឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាក្នុងការកសាងទំនាក់ទំនងមួយ ដែលមានសមត្ថភាពឈររឹងមាំ និងបន្តទៅមុខ ទោះបីជាបរិយាកាសតំបន់ និងអន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ។ នយោបាយអន្តរជាតិមិនដែលនៅនឹងថ្កល់ឡើយ។ តុល្យភាពអំណាចមានការប្រែប្រួល សេដ្ឋកិច្ចមានទាំងដំណាក់កាលរីកចម្រើន និងភាពមិនប្រាកដប្រជា ហើយបញ្ហាប្រឈមថ្មីៗផ្នែកសន្តិសុខ និងបច្ចេកវិទ្យាក៏កើតមានជាបន្តបន្ទាប់។ ដូច្នេះ ភាពជាដៃគូដែលអាចឈរបានយូរអង្វែង មិនអាចពឹងផ្អែកតែលើសេចក្តីប្រកាសនយោបាយបានទេ ប៉ុន្តែត្រូវការទំនុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការជាក់ស្តែង និងសំខាន់បំផុត គឺផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាវិមាត្រមួយដែលមើលឃើញច្បាស់បំផុតនៃទំនាក់ទំនងកម្ពុជា–ចិន។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា និងជាប្រភពវិនិយោគបរទេសដ៏សំខាន់មួយ ខណៈដែលកិច្ចសហប្រតិបត្តិការបានពង្រីកទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ បច្ចេកវិទ្យា និងវិស័យដទៃទៀត។ កិច្ចសហប្រតិបត្តិការទាំងនេះមានសក្តានុពលក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា ប្រសិនបើវាត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអាទិភាពជាតិ និងអាចបម្លែងទៅជាសមត្ថភាពផលិតកម្ម ការងារ ជំនាញ និងកាលានុវត្តភាពសម្រាប់ធុរកិច្ច និងសហគមន៍កម្ពុជា។
ដូច្នេះ ដំណាក់កាលបន្ទាប់នៃកិច្ចសហប្រតិបត្តិការ គួរផ្តោតមិនត្រឹមតែលើ «បរិមាណ» នៃគម្រោង ការវិនិយោគ ឬពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតកាន់តែខ្លាំងលើ «គុណភាព និរន្តរភាព និងការរួមចំណែករយៈពេលវែងចំពោះការអភិវឌ្ឍ»។ ហេដ្ឋារចនាសម្ព័ន្ធមិនគួរត្រឹមតែតភ្ជាប់ទីកន្លែងនឹងទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែត្រូវតភ្ជាប់ទីផ្សារ និងកាលានុវត្តភាពផងដែរ។ ការវិនិយោគមិនគួរបង្កើតតែលំហូរទុនទេ ប៉ុន្តែត្រូវបង្កើតការងារ ជំនាញ និងសមត្ថភាពបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការកសិកម្មគួរជួយឱ្យកសិករឈានពីការផលិតវត្ថុធាតុដើម ទៅរកការកែច្នៃ ការបង្កើនតម្លៃបន្ថែម និងការទទួលបានទីផ្សារកាន់តែទូលំទូលាយ។ ចំណែកកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងស្រាវជ្រាវ គួរបង្កើតចំណេះដឹង និងមូលធនមនុស្ស សម្រាប់គាំទ្រដល់មនុស្សជំនាន់ក្រោយ។
ទំនាក់ទំនងនេះក៏កំពុងមានលក្ខណៈជាស្ថាប័នកាន់តែច្បាស់ឡើងផងដែរ។ នៅខែមេសា ឆ្នាំ២០២៦ កម្ពុជា និងចិនបានរៀបចំកិច្ចប្រជុំលើកដំបូងនៃ យន្តការសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ដែលជាយន្តការមួយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥។ ការវិវឌ្ឍនេះបង្ហាញថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងពង្រីកពីកិច្ចសហប្រតិបត្តិការតាមគម្រោងនីមួយៗ ទៅរកយន្តការសន្ទនា និងការសម្របសម្រួលជាយុទ្ធសាស្ត្រដែលមានភាពទៀងទាត់ជាងមុន។
ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងប្រទេសនិងប្រទេស នៅទីបំផុតត្រូវឈរលើទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ រដ្ឋាភិបាលអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយស្ថាប័នអាចបង្កើតក្របខណ្ឌសហប្រតិបត្តិការ ប៉ុន្តែមិត្តភាពអាចមាននិរន្តរភាពបាន លុះត្រាតែប្រជាជនយល់ពីគ្នា គោរពគ្នា និងទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ដូច្នេះ ការអប់រំ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវ និងការចូលរួមរបស់យុវជន មិនមែនជាធាតុបន្ទាប់បន្សំនៃទំនាក់ទំនងកម្ពុជា–ចិននោះទេ ប៉ុន្តែជាគ្រឹះសំខាន់មួយដែលអាចទ្រទ្រង់ទំនាក់ទំនងនេះឱ្យបន្តឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយ។
ក្នុងនាមជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំផ្តល់តម្លៃជាពិសេសចំពោះតួនាទីរបស់ ស្ថាប័នសិក្សាស្រាវជ្រាវ បណ្ឌិត្យសភា និងស្ថាប័នគំនិត (Think Tanks)។ កាតព្វកិច្ចរបស់យើងមិនមែនគ្រាន់តែទទួលស្គាល់សមិទ្ធផលនានានោះទេ ប៉ុន្តែត្រូវសិក្សាទំនាក់ទំនងនេះដោយយកចិត្តទុកដាក់ កំណត់ឱ្យឃើញទាំងកាលានុវត្តភាព និងបញ្ហាប្រឈម ព្រមទាំងផ្តល់គំនិត និងការវិភាគដែលផ្អែកលើភស្តុតាង ដើម្បីជួយឱ្យកិច្ចសហប្រតិបត្តិការបង្កើតបាននូវផលប្រយោជន៍យូរអង្វែង។ ការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវរវាងកម្ពុជា និងចិន អាចរួមចំណែកដល់ការយល់ដឹងគ្នាទៅវិញទៅមក ហើយជួយឱ្យភាគីទាំងពីរយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ បទពិសោធន៍អភិវឌ្ឍន៍ និងទស្សនៈរបស់គ្នាទៅវិញទៅមក។
សម្លឹងទៅអនាគត កម្ពុជា និងចិនមានកាលានុវត្តភាពក្នុងការប្រែក្លាយមិត្តភាពដ៏យូរអង្វែង ទៅជាភាពជាដៃគូដែលកាន់តែចាស់ទុំ—ជាភាពជាដៃគូដែលគោរពអាទិភាពជាតិ ឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។
កម្ពុជា និងចិនមានភាពខុសគ្នាលើទិដ្ឋភាពជាច្រើន ទាំងប្រវត្តិសាស្ត្រ ទំហំប្រទេស សមត្ថភាពសេដ្ឋកិច្ច និងកម្រិតនៃការអភិវឌ្ឍ។ ប៉ុន្តែ ភាពខុសគ្នារបស់យើង មិនមែនជាឧបសគ្គរារាំងយើងពីការដើរឆ្ពោះទៅរកគោលដៅរួមនោះទេ។ អ្វីដែលនាំយើងឱ្យមកជួបគ្នា គឺសេចក្តីប្រាថ្នារួមចំពោះសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ ជាការពិតណាស់ កិច្ចសហប្រតិបត្តិការមិនទាមទារឱ្យប្រទេសពីរត្រូវមានអ្វីៗដូចគ្នាទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ វាទាមទារឱ្យយើងយល់ពីភាពខុសគ្នារបស់គ្នា ខណៈដែលយើងស្វែងរកផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមដែលយើងអាចដើរទៅជាមួយគ្នាបាន។
ហេតុនេះហើយ កម្លាំងនៃមិត្តភាពកម្ពុជា–ចិន មិនគួរវាស់វែងត្រឹមតែថា មិត្តភាពនេះមានអាយុកាលយូរប៉ុណ្ណានោះទេ ប៉ុន្តែគួរត្រូវបានវាស់វែងផងដែរថា មិត្តភាពនេះអាចកសាងអ្វីខ្លះសម្រាប់អនាគត និងអាចបន្សល់អ្វីខ្លះសម្រាប់មនុស្សជំនាន់ក្រោយនៃប្រទេសទាំងពីរ។
ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសូមជូនពរប្រជាជនចិនឱ្យបន្តទទួលបានសន្តិភាព វិបុលភាព និងវឌ្ឍនភាព។ ខ្ញុំក៏សង្ឃឹមថា មិត្តភាពកម្ពុជា–ចិន នឹងបន្តរីកចម្រើនកាន់តែរឹងមាំ តាមរយៈការគោរពគ្នាទៅវិញទៅមក ការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
សូមអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន!
ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

