ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាអាទិភាពចំបង របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសង្គ្រោះជីវិត របស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេចផ្ទាល់ បានចុះពិនិត្យស្ថានភាពទឹកជន់លិច នៅតំបន់មួយចំនួន ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

តាមរយៈបណ្តាញសង្គមនាថ្ងៃ២៩នេះ សម្តេចធិបតី បានថ្លែងថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបង របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណ និងកោតសរសើរ ដោយស្មោះ ចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នា ជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព។

សម្តេចធិបតី ក៏បានអរគុណផងដែរ ចំពោះក្រុមការងារថ្នាក់ជាតិ ចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ ដល់ការសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាលំបាកនេះ៕

To Top