Feature

រដ្ឋមន្ត្រី​ ហេង សួរ ជំរុញកម្មវិធីប្រកួតប្រជែង ជំនាញថ្នាក់ជាតិឱ្យក្លាយជា “ចលនាជាតិ” ដើម្បីអភិវឌ្ឍមូលធនមនុស្ស និងបើកឱកាសឱ្យយុវជន បង្ហាញទេពកោសល្យ ក្នុងកម្រិតតំបន់ និងពិភពលោក

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីប្រកួតប្រជែង ជំនាញថ្នាក់ជាតិកម្ពុជាលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានការអញ្ជើញ ចូលរួមពីតំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គណៈកម្មការរៀបចំ ប្រធានគណៈវិនិច្ឆ័យ ប្រធានជំនាញការ ជំនាញការ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ១ពាន់នាក់។ កម្មវិធីនេះមានគោលបំណងជំរុញ ការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ លើកកម្ពស់ការអភិវឌ្ឍគុណភាព ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងលើកតម្លៃការងារ ដល់យុវជន និងកម្មករជំនាញ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈ ឯកជន និងអង្គការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គណៈកម្មការសម្រាប់ការរៀបចំការ ប្រកួតប្រជែងជំនាញ និងភាគីពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីនេះ ដែលបង្ហាញជាសាធារណៈ នូវការវិវឌ្ឍដោយចីរភាពនៃវិស័យ TVET និងឧត្តមភាពជំនាញ ជាពិសេសទេពកោសល្យ របស់បេក្ខជនចូលរួមប្រកួតប្រជែងឆ្នាំនេះកើនឡើងរហូតដល់ ១១២នាក់ (នារី ២៩ រូប) មកពីគ្រឹះស្ថានចំនួន ២០ ខណៈដែលជំនាញប្រកួតប្រជែងកើនឡើងដល់ ១២។ លោកមានប្រសាសន៍ថា វឌ្ឍនភាពនេះបង្ហាញពីការវិវត្តជាទីមោទន នៃកម្មវិធីនេះក្នុងរយៈពេល១៦ឆ្នាំមកនេះ ដែលកើតចេញពីការផ្តល់អាទិភាពគន្លឹះ លើការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជំនាញច្បាស់លាស់ គំនិតច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ។

លើសពីនេះ វឌ្ឍនភាពនេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំរដ្ឋ អង្គការ និងវិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍ និងលើកស្ទួយជំនាញ។ ហេតុនេះ លោកបានអំពាវនាវឱ្យភាគីទាំងអស់បន្តចូលរួមបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍លើកកម្ពស់ជំនាញនៅកម្ពុជា ពង្រឹងនិងបង្កើនកម្លាំងពលកម្មជំនាញ បង្កើនស្តង់ដាបណ្តុះបណ្តាល លើកកម្ពស់ការវិនិយោគ និងចូលរួមសម្រេចចង្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកគូសបញ្ជាក់ថា ជំនាញជាមូលដ្ឋានគ្រឹះ ជាឆ្អឹងខ្នង និងជាកម្លាំងជំរុញដ៏សំខាន់នៃជីវិតសម័យទំនើប សម្រាប់ការអភិវឌ្ឍអាជីព ឧស្សាហកម្ម និងសេដ្ឋកិច្ចសង្គម។ កម្លាំងពលកម្មដែលមានជំនាញខ្ពស់ ជាឧបករណ៍ស្នូលក្នុងការធ្វើផែនការ ការគ្រប់គ្រងនិងដោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោកបានលើទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនឱ្យឈ្វេងយល់ពីតម្លៃនៃកម្មវិធីនេះ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានជ័យលាភីពីការប្រកួតថ្នាក់ជាតិ ថ្នាក់តំបន់ និងឈានឆ្ពោះទៅឈរកាន់ទង់ជាតិកម្ពុជាក្នុងកម្រិតពិភពលោក នាពេលណាមួយខាងមុខ ហើយក៏ត្រូវធ្វើជាគំរូ និងចែករំលែកបទពិសោធដល់សិស្សប្អូន ឬយុវជនជំនាន់ក្រោយផងដែរ។

ទន្ទឹមនេះ លោកក៏ផ្តល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដាក់ចេញនូវចក្ខុវិស័យឱ្យបានច្បាស់លាស់ក្នុងការរៀបចំកម្មវិធីនេះ ដើម្បីបំផុសឱ្យយុវជនចាប់យកជំនាញ និងមិនត្រឹមតែសម្រាប់ការប្រកួតថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវមានមហិច្ឆតាយកមេដាយណាមួយក្នុងកម្រិតអាស៊ាន ឬពិភពលោក។ លើសពីនេះ ក៏ត្រូវមានភាពច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំ និងពង្រីកកម្មវិធីនេះឱ្យក្លាយជា “ចលនាជាតិ” ដោយសហការជាមួយក្រុមហ៊ុនធំៗ និងដៃគូអភិវឌ្ឍន៍ឱ្យចូលរួមបានផុសផុល។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រសួងការងារនោះទេ ប៉ុន្តែជារបស់ជាតិទាំងមូល។ ហេតុនេះ លោកបានអំពាវនាវឱ្យមានការចូលរួម ជួយគាំទ្រ ឧបត្ថម្ភបន្ថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍជំនាញ និងមានសិស្ស ឬបេក្ខជនដែលមានសមត្ថភាពចូលរួមកាន់តែច្រើនទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងសម្រេចក្តីស្រមៃក្នុងការលើកទង់ជាតិកម្ពុជានៅលើវេទិកាពិភពលោកនាពេលអនាគត។

នៅក្នុងកម្មវិធីដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ លោក​ ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ បានជម្រាបជូនថា បេក្ខជនជ័យលាភីដែលទទួលបានមេដាយមាសនឹងទទួលបានប្រាក់រង្វាន់ចំនួនបីលានរៀល មេដាយប្រាក់ទទួលបានចំនួនពីរលានរៀល និងមេដាយសំរឹទ្ធិចំនួនមួយលានរៀល ហើយនឹងត្រូវជ្រើសរើសជាតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញក្នុងកម្រិតតំបន់អាស៊ាន អន្តរជាតិ និងពិភពលោក។ លោកបានប្តេជ្ញាពង្រីក និងពង្រឹងគុណភាពនៃកម្មវិធីនេះឱ្យកាន់តែទូលំទូលាយ ដើម្បីអភិវឌ្ឍជំនាញ និងសេដ្ឋកិច្ចសង្គមកម្ពុជា៕

To Top