កាកបាទក្រហមកម្ពុជា ចុះផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនពលរដ្ឋជាង ១.៤០០ គ្រួសារ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចុះអន្តរាគមន៍ជាបន្ទាន់ ដោយនាំយកអំណោយមនុស្សធម៌ចែក ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ចំនួន ១,៤១២ គ្រួសារ ក្នុងក្រុងប៉ោយប៉ែត។ ពិធីនេះដឹកនាំដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោក អ៊ុំ រាត្រី ប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់។

នាឱកាសនោះ គណៈអធិបតីបានពាំនាំនូវក្តីនឹករលឹក និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យនរណាម្នាក់ ត្រូវរងគ្រោះដោយគ្មាន ការជួយជ្រោមជ្រែងនោះឡើយ។

សកម្មភាពសង្គ្រោះបន្ទាន់នេះ បានស្តែងឱ្យឃើញ ពីការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាក និងស្តារជីវភាពរស់នៅរបស់គ្រួសាររងគ្រោះទាំង ១,៤១២ គ្រួសារ ឱ្យមានស្ថិរភាពឡើងវិញជាជំហានដំបូង បន្ទាប់ពីជួបប្រទះវិបត្តិគ្រោះធម្មជាតិមួយនេះ៕












អត្ថបទ: ប៊ុន សំណាង/DapNews
