ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានលើកឡើងថា បើទោះបីជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីវិបត្ដិកូវីដ១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំងកម្រិតទ្វេភាគី និងពហុភាគី នៅតែរក្សាបាននូវភាពសំខាន់ ជាពិសេសមិត្តចិន បានចាត់ទុកកម្ពុជា ជាអាទិភាពចម្បងក្នុងការ រួមចំណែកទប់ស្កាត់ជំងឺនេះ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ។
ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី គម្រោងកិច្ចសហប្រតិបត្តិការ សម្រាប់មូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០២០ នាព្រឹកថ្ងៃទី២៣ មិថុនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំមានសេចក្តីរីករាយ ដោយបានចុះហត្ថលេខាជាមួយលោក វ៉ាង វិនធាន សម្រាប់គម្រោងចំនួន១៩ របស់កម្ពុជា ដែលគាំទ្រដោយមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០១៨ ។ គម្រោងទាំងនេះត្រូវបាន អនុវត្តប្រកបដោយវឌ្ឍនភាព គួរឱ្យកត់សម្គាល់ ហើយបានបង្កើតនូវសមិទ្ធផលរូបីជាច្រើន ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលចិន សម្រាប់ការគាំទ្រដែល មិនអាចកាត់ថ្លៃបាន សម្រាប់គម្រោងថ្មីចំនួន ២០បន្ថែមទៀត គាំទ្រដោយមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ ដែលមានថវិកាសរុបចំនួនប្រមាណជាង ៧លានដុល្លារ ។ គម្រោងទាំងនេះនឹងបន្តរួមចំណែក ដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស អប់រំ បេតិកភណ្ឌវប្បធម៌ ជាដើម ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «បើទោះបីជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីវិបត្ដិកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ទាំងកម្រិតទ្វេភាគី និងពហុភាគី គឺនៅតែរក្សាបាននូវភាពសំខាន់។ ប្រទេសចិន បានចាត់ទុកប្រទេសកម្ពុជា ជាអាទិភាពចម្បងក្នុងការចូលរួម ចំណែកគ្រប់គ្រងការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម» ។
លោករដ្ឋមន្ត្រីបន្ថែមថា នៅក្នុងពេលវេលាដ៏លំបាក នៃការរាតត្បាតជាសកលនេះ ពិធីចុះហត្ថលេខារបស់យើងនាថ្ងៃនេះ គឺទាន់ពេលវេលា និងមានសារៈសំខាន់បំផុត ដើម្បីបង្ហាញពីភាពរឹងមាំរបស់យើង ព្រមទាំងអះអាងជាថ្មីនូវមូលដ្ឋាន ដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
លោកថា ចាប់តាំងពីការចាប់ផ្តើម មូលនិធិពិសេសនៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងកាលពីឆ្នាំ២០១៦ គម្រោងទាំងនេះបានរួមចំណែក ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈការបង្រួមគម្លាតនៃការអភិវឌ្ឍ ការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក និងការពង្រឹងសមត្ថភាព របស់យើងក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើង ទៅនឹងតម្រូវការរបស់ប្រជាជនយើង។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងសារជាថ្មីនូវ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងរឹតចំណងមិត្តភាពរវាង បណ្តាប្រទេសមេគង្គ និងប្រទេសចិន ៕
ដោយ៖ ខា ដា