Feature

មន្ត្រីជំនាញ ប្រកាសបិទផ្លូវជាតិលេខ៥ ជាបន្ទាន់ ខណៈជំនន់កំពុងវាយប្រហារ ក្រុងសិរីសោភ័ណ និងមង្គលបុរីធ្ងន់ធ្ងរ

បន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ បានប្រកាសបិទចរាចរណ៍ យានយន្តធុនធំជាបន្ទាន់ លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពី គ.ម ៣៤០+០០០ ដល់ គ.ម ៣៦១+៨៥០ (អូរស្ងួត – ផ្លូវវាងក្រុងទឹកថ្លា)។ វិធានការអាសន្ននេះ ធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀង និង ជំនន់ធ្លាក់ពីប្រទេសថៃ បានវាយលុកលិចលង់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី យ៉ាងធ្ងន់ធ្ងរ ដើម្បីទប់ស្កាត់ការបាក់ស្រុតផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍។

ទោះបីជាតំបន់ប៉ែកខាងលើ (ប៉ោយប៉ែត អូរជ្រៅ និងម៉ាឡៃ) ផ្តើមស្រកចុះបន្តិចក្តី ប៉ុន្តែលំហូរទឹកមហាសាល បានហូរមកបុកបន្ថែមលើតំបន់ទំនាប ភាគខាងក្រោម បង្ខំឱ្យក្រុមការងារបច្ចេកទេសសាធារណការ ចុះប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីគ្រប់គ្រងចរាចរណ៍។

ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តបានបញ្ចេញកម្លាំងចម្រុះ សម្រួលចរាចរណ៍តាមគោលដៅសំខាន់ៗ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ និងចុះជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ដោយតម្កល់ជីវិតមនុស្សជាអាទិភាពកំពូល។
អាជ្ញាធរជំនាញ បានអំពាវនាវឱ្យគ្រប់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធំទាំងអស់ ត្រូវផ្អាក ឬបង្វែរទិសដៅធ្វើដំណើរជាដាច់ខាត។

បញ្ជាបិទផ្លូវជាបណ្តោះអាសន្ននេះ នឹងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ រហូតដល់ស្ថានភាពទឹកជំនន់ថមថយ និងមានការជូនដំណឹងជាថ្មី ដើម្បីធានាសុវត្ថិភាពសាធារណៈ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top