Feature

លោក កែ គឹមយ៉ាន ដឹកនាំក្រុមការងារជំនាញ ចុះវាយតម្លៃស្ថានភាពទឹកជំនន់ នៅមង្គលបូរី និងជំរុញឱ្យអាជ្ញាធរ ត្រៀមសង្គ្រោះពលរដ្ឋ ២៤ម៉ោង

បន្ទាយមានជ័យ៖ ក្នុងស្ថានភាពជំនន់ទឹកភ្លៀងកំពុងវាយប្រហារ និងលិចលង់យ៉ាងធ្ងន់ធ្ងរនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យខ្សែទឹកផ្ទាល់ពីចំណុចអូរញរ រហូតដល់ព្រំប្រទល់ស្រុកព្រះនេត្រព្រះ។ បេសកកម្មជួរមុខនេះ ធ្វើឡើងដើម្បីវាយតម្លៃការខូចខាតជាក់ស្តែង និងដាក់ចេញផែនការអន្តរាគមន៍ជាបន្ទាន់ ការពារជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងតំបន់ប្រឈម។

ក្នុងសកម្មភាពចុះពិនិត្យនោះ លោក កែ គឹមយ៉ាន ដែលមានការអមដំណើរដោយប្រធានមន្ទីរធនធានទឹកខេត្ត ប្រធានមន្ទីរសាធារណៈការខេត្ត អភិបាលស្រុកមង្គលបូរី និងអធិការនគរបាលស្រុក លោកបានជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការតាមដានស្ថានភាពទឹកជាប្រចាំ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការសង្គ្រោះ ព្រមទាំងជម្លៀសប្រជាពលរដ្ឋទៅកាន់ទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាពអាយុជីវិតមនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការដាក់បទបញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចប្រចាំការអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង លោក កែ គឹមយ៉ាន ក៏បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ និងតំបន់ប្រឈម មិនត្រូវមើលស្រាលស្ថានភាពទឹកជាដាច់ខាត ដោយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រញាប់រៀបចំឥវ៉ាន់សំខាន់ៗ មើលថែក្មេងតូចៗ និងត្រៀមលក្ខណៈផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាពភ្លាមៗ ប្រសិនបើកម្ពស់ទឹកបន្តហក់ឡើងខ្លាំង៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top