អគ្គិសនីបន្ទាយមានជ័យ ចុះកែសម្រួលប្រព័ន្ធភ្លើង នៅតំបន់លិចទឹក សិរីសោភ័ណ និងមង្គលបូរី ដើម្បីសុវត្ថិភាពពលរដ្ឋ
បន្ទាយមានជ័យ: ការលិចលង់ដោយជំនន់ទឹកភ្លៀង នៅតាមតំបន់មួយចំនួនក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បាននិងកំពុងបង្ក ជាហានិភ័យគ្រោះថ្នាក់អគ្គិសនីយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតប្រជាពលរដ្ឋ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសនៃអគ្គិសនី ខេត្តបន្ទាយមានជ័យ ចាំបាច់ត្រូវបើកប្រតិបត្តិការអន្តរាគមន៍ជាបន្ទាន់ ដោយចុះធ្វើការកែសម្រួល និងលើកកម្ពស់ទីតាំងប្រអប់នាឡិកាស្ទង់ (កុងទ័រ) ដើម្បីការពារប្រយោជន៍សាធារណៈ និងធានាសន្តិសុខសុវត្ថិភាពជូនសហគមន៍ឱ្យបានទាន់ពេលវេលា។

ប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាវិធានការការពារទុកជាមុនយ៉ាងសកម្ម ក្នុងគោលបំណងការពារឧបករណ៍វាស់វែងថាមពលពីការខូចខាតផង និងទប់ស្កាត់ហានិភ័យនៃការឆ្លងចរន្ត ឬឆក់អគ្គិសនីដែលអាចកើតឡើង ជាយថាហេតុផង ក្នុងពេលដែលកម្រិតទឹកជំនន់ នៅតែបន្តគំរាមកំហែងដល់លំនៅដ្ឋាន ប្រជាពលរដ្ឋ។

ទន្ទឹមនឹងសកម្មភាពអន្តរាគមន៍ផ្ទាល់ដី ស្ថាប័នជំនាញក៏បានចេញសេចក្តីណែនាំ និង អំពាវនាវយ៉ាងទទូចដល់សាធារណជន ពិសេសប្រជាពលរដ្ឋក្នុង តំបន់រងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត លើសុវត្ថិភាពការប្រើប្រាស់ចរន្តអគ្គិសនីតាមផ្ទះ ដោយត្រូវប្រញាប់ផ្តាច់ឌីសង់ទ័រ ឬពិនិត្យប្រព័ន្ធខ្សែភ្លើងឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងគ្រោះថ្នាក់ស្តែងឡើងជាយថាហេតុ៕









អត្ថបទ: ប៊ុន សំណាង/DapNews
