ក្រសួងមហាផ្ទៃ អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះការចែករំលែកព័ត៌មាន ឯកសារអត្តសញ្ញាណ លើបណ្តាញសង្គម
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចែករំលែកព័ត៌មាន ឯកសារអត្តសញ្ញាណ (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន) ជាសាធារណៈលើបណ្តាញសង្គម។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី ក្នុងរយៈពេលកន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះរូបថតឯកសាររបស់ខ្លួន រួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន។ ដែលមានព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួន លើបណ្តាញសង្គមមួយចំនួន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា ការបង្ហោះព័ត៌មានទាំងនេះជាសាធារណៈ ធ្វើឱ្យព័ត៌មានត្រូវបានជនទុច្ចរិត ចម្លង រក្សាទុក ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ហើយអាចបង្កើនហានិភ័យនៃការក្លែងបន្លំ ឬប្រើប្រាស់ក្នុងគោលបំណងមិនត្រឹមត្រូវ ឬប្រព្រឹត្តបទល្មើសណាមួយ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារទិន្នន័យផ្ទាល់ខ្លួន កុំបង្ហោះឯកសារផ្ទាល់ខ្លួន ដែលមានព័ត៌មានសំខាន់ៗ ជាសាធារណៈ និងសូមចូលរួមផ្សព្វផ្សាយព័ត៌មាននេះបន្ត ដើម្បីរួមគ្នាការពារសុវត្ថិភាពទិន្នន័យ និងអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា ឯកសារអត្តសញ្ញាណរបស់បុគ្គល គឺជាឯកសារដែលមានព័ត៌មានសំខាន់ៗ របស់បុគ្គលម្នាក់ៗ ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ និងព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណរបស់បុគ្គលនោះ៕
