Feature

លោក អ៊ុំ រាត្រី ដឹកនាំក្រុមការងារជំនាញ ចុះអន្តរាគមន៍រំដោះទឹក និងស្តារផ្លូវក្រវាត់ក្រៅ នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ទោះបីជាអាកាសធាតុ ចាប់ផ្តើមរាំងភ្លៀងយ៉ាងណាក្តី ប៉ុន្តែជំនន់ទឹកភ្លៀងនៅតែបន្តជន់លិច និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅ ដីស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ជាក់ស្តែង នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ និងការខូចខាតផ្លូវក្រវាត់ក្រៅ (តភ្ជាប់ពីឃុំឫស្សីក្រោក ទៅឃុំតាឡំ) ដោយផ្ទាល់នៅតាមចំណុចក្តៅៗ ដើម្បីវាយតម្លៃទំហំផលប៉ះពាល់ និងបញ្ជាអន្តរាគមន៍សង្គ្រោះបន្ទាន់។

បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងបើកផ្លូវរំដោះទឹកចេញពីតំបន់លិចលង់ឱ្យបានលឿនបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់លើការធ្វើដំណើរ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានស្ទាក់ និងកាយបើកមុខទឹកភ្លាមៗ ព្រមទាំងដាក់កម្លាំងចម្រុះប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមលក្ខណៈជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងតំបន់ប្រឈម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសសុវត្ថិភាពកុមារតូចៗ និងមនុស្សចាស់ ព្រមទាំងតាមដានព័ត៌មានធាតុអាកាសជាប្រចាំ។ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារចុះមូលដ្ឋាន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរ និងកម្លាំងអន្តរាគមន៍ នឹងបន្តឈរជើងជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋ រហូតដល់ស្ថានភាពទឹកជំនន់នេះស្រកអស់ និងត្រឡប់មកប្រក្រតីភាពវិញទាំងស្រុង៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top