ហុងគ្រី បញ្ជាក់ថា ខ្លួនមិនមានបំណងបង្កើនភាពតានតឹង ផ្នែកការទូតជាមួយរុស្ស៊ីឡើយ
ប៊ូដាប៉េស៖ ក្រសួងការបរទេសហុងគ្រី បានឧ្យដឹងថា ហុងគ្រី មិនមានបំណងបង្កើនភាពតានតឹង ផ្នែកការទូតនោះទេ ប៉ុន្តែនៅតែរក្សាជំហរលើការសម្រេចចិត្ត របស់ខ្លួនពីមុន ដោយបញ្ជាក់ថា វាផ្អែកលើការពិចារណា អំពីសន្តិសុខជាតិ។
ក្រសួងនេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Facebook ថា «ប្រតិបត្តិការនៃបេសកកម្មរបស់យើងនៅក្នុងប្រទេសរុស្ស៊ី នឹងបន្តត្រូវបានធានា ហើយវត្តមានផ្នែកការទូតរបស់ហុងគ្រីនៅក្នុងប្រទេសរុស្ស៊ី នឹងនៅតែបន្តរក្សាទុក»។
កាលពីថ្ងៃទី ៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោកស្រី Anita Orban បានប្រកាសថា ហុងគ្រី កំពុងបណ្តេញបុគ្គលិកចំនួន ១០ នាក់នៃស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងប៊ូដាប៉េស ដោយសារសកម្មភាពរបស់ពួកគេមិនស្របនឹងឋានៈជាអ្នកការទូត។
ក្រសួងការបរទេសរុស្ស៊ី បានកោះហៅលោក Gabor Gergics ដែលជាប្រធានបេសកកម្មការទូតរបស់ហុងគ្រីប្រចាំរុស្ស៊ីមកជួបកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជូនដំណឹងអំពីវិធានការសងសឹក ពាក់ព័ន្ធនឹងការដែលហុងគ្រីបានបណ្តេញអ្នកការទូតរុស្ស៊ីកាលពីថ្ងៃទី ៨ ខែកញ្ញា។
ក្រសួងការបរទេសរុស្ស៊ី បានឧ្យដឹងថា «ក្រុមបុគ្គលិកនៃស្ថានទូតហុងគ្រីប្រចាំទីក្រុងមូស្គូ និងស្ថានកុងស៊ុលទូទៅរបស់ហុងគ្រីប្រចាំទីក្រុង St. Petersburg និងទីក្រុង Kazan ត្រូវតែចាកចេញពីទឹកដីនៃសហព័ន្ធរុស្ស៊ីក្នុងរយៈពេលពីរសប្តាហ៍»៕
ប្រែសម្រួល ឈូក បូរ៉ា
