មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ឈប់សម្រាក់នៅវត្តទីឃគិរីសាលវ័ន បន្ទាប់ពីចុះសួរសុខទុក្ខ កងទ័ពតាមព្រំដែន
ព្រះវិហារ ៖ ក្នុងដំណើរតាមផ្លូវ ឆ្ពោះទៅកាន់ ខេត្តព្រះវិហារ ដើម្បីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកង ទ័ពដែលកំពុងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែន ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានឆ្លៀតឈប់នៅ វត្តទីឃគិរីសាលវ័ន ភ្នំយាយម៉ាន់។

ក្នុងដំណើរតាមផ្លូវឆ្ពោះទៅកាន់ ខេត្តព្រះវិហារ ដើម្បីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងទ័ពដែលកំពុងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែន ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានឆ្លៀតឈប់នៅ វត្តទីឃគិរីសាលវ័ន ភ្នំយាយម៉ាន់។
ក្នុងឱកាសនោះ លោកមេបញ្ជាការបានជួប លោក ប៉ាន់ សៀម អតីតយោធិនដែលធ្លាប់បម្រើការនៅ វរសេនាតូចលេខ១ ខេត្តព្រះវិហារ ក្នុងអំឡុងសម័យសង្គ្រាម។

ការជួបគ្នារវាង មេទ័ពបច្ចុប្បន្ន និងអតីតយោធិន មើលទៅសាមញ្ញ ប៉ុន្តែបង្កប់នូវអនុស្សាវរីយ៍ជាច្រើនឆ្នាំ។ ពីការសំណេះសំណាល អតីតកាលនៃជីវិតជាយោធិន និងរឿងរ៉ាវក្នុងសម័យសង្គ្រាម ត្រូវបានរំលឹកឡើងវិញដោយភាពកក់ក្តៅ និងរំជួលចិត្ត។
ថ្ងៃនេះ លោក ប៉ាន់ សៀម លែងពាក់ឯកសណ្ឋានយោធា ហើយរស់នៅជាពលរដ្ឋម្នាក់ ប៉ុន្តែអនុស្សាវរីយ៍នៃជីវិតទាហាន និងថ្ងៃដែលធ្លាប់បំពេញភារកិច្ចការពារជាតិ នៅតែជាចំណងចងចាំមិនងាយរលាយ។

ជាមួយនឹងការសួរសុខទុក្ខ លោកមេបញ្ជាការក៏បានជូន គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់លោក ប៉ាន់ សៀម ដើម្បីជាការចែករំលែកក្តីនឹករលឹក និងការយកចិត្តទុកដាក់ចំពោះអតីតយោធិន។

ជាពិសេស ថ្ងៃនេះជាឱកាស កាន់បិណ្ឌទី៧ លោកមេបញ្ជាការ និងកងទ័ព ក៏បានឆ្លៀតនាំយក ទេយ្យទាន និងគ្រឿងបរិក្ខារប្រគេនព្រះសង្ឃ ព្រមទាំងចូលរួមធ្វើបុណ្យក្នុងវត្ត ដោយបង្ហាញពីការរក្សាប្រពៃណីវប្បធម៌ និងព្រះពុទ្ធសាសនា ទោះស្ថិតក្នុងដំណើរបំពេញភារកិច្ចក៏ដោយ។
ដំណើរឆ្ពោះទៅព្រំដែន មិនមែនមានតែការបំពេញភារកិច្ចយោធានោះទេ វាក៏មានទាំងការនឹករលឹកអ្នកជំនាន់មុន ការយកចិត្តទុកដាក់ចំពោះអតីតយោធិន និងការចូលរួមថែរក្សាប្រពៃណីដ៏ល្អរបស់ខ្មែរ។ ពីអតីតយោធិន ទៅកាន់មេទ័ពបច្ចុប្បន្ន ពេលវេលាបានផ្លាស់ប្តូរជីវិត និងឯកសណ្ឋាន ប៉ុន្តែ ស្មារតីយោធិន និងអនុស្សាវរីយ៍នៃការបម្រើជាតិ នៅតែភ្ជាប់បេះដូងអ្នកទាំងពីរ។

អ្នកជំនាន់មុនបានបន្សល់អនុស្សាវរីយ៍ អ្នកជំនាន់ក្រោយបន្តវេន ហើយក្តីនឹករលឹកចំពោះយុទ្ធមិត្ត មិនដែលចាស់តាមអាយុកាលឡើយ ពីការគោរពអ្នកជំនាន់មុន ទៅការយកចិត្តទុកដាក់អ្នកជំនាន់ក្រោយ គឺជាចំណងមួយដែលធ្វើឱ្យស្មារតីយោធិននៅតែរស់រវើក៕



