ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រ នៅឯឆ្នេរសមុទ្រភាគខាងកើត មួយថ្ងៃបន្ទាប់ពីបានបដិសេធការចោទ ប្រកាន់របស់ទីក្រុងសេអ៊ូល ដែលថា មីនរបស់ខ្លួនបានបង្កឱ្យទាហានរងរបួស‎‎

‎បរទេស៖ កូរ៉េខាងត្បូង និងជប៉ុនបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ឆ្ពោះ ទៅកាន់សមុទ្រនៅឯឆ្នេរសមុទ្រ ភាគខាងកើតនៅថ្ងៃសៅរ៍នេះ។ នេះគឺជាការបាញ់សាកល្បងមីស៊ីលលើកចុងក្រោយបង្អស់របស់កូរ៉េខាងជើងនៅឆ្នាំនេះ ដែលធ្វើឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីខ្លួនបានបដិសេធការចោទប្រកាន់របស់ទីក្រុងសេអ៊ូលដែលថា មីនរបស់ខ្លួនបានបង្កឱ្យទាហានរងរបួស។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ថា យោធាកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនោះត្រូវបានបាញ់ចេញពីតំបន់ Wonsan នៅវេលាម៉ោងប្រហែល ៦:៣០ ព្រឹកថ្ងៃសៅរ៍ ហើយបានហោះក្នុងចម្ងាយជាង ៧០០ គីឡូម៉ែត្រ (៤៣៤ ម៉ាយ)។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងវិភាគព័ត៌មានលម្អិតជុំវិញការបាញ់សាកល្បងនេះ។
‎
‎តាមរយៈសេចក្តីថ្លែងការណ៍ដែលផ្ញើតាមអ៊ីមែលដោយយោងលើក្រសួងការពារជាតិជប៉ុនគឺ ឆ្មាំសមុទ្រជប៉ុនបានឱ្យដឹងថា នោះអាចជាមីស៊ីលផ្លោង ហើយហាក់ដូចជាបានធ្លាក់ចុះមកវិញ ដោយបានព្រមានឱ្យនាវាផ្សេងៗបង្កើនការប្រុងប្រយ័ត្ន។
‎
‎យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានបង្កើនការតាមដានលើរាល់ការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត ហើយនឹងចែករំលែកព័ត៌មានចារកម្មជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
‎

To Top