អាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងនគរបាល បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភ ក្រោយពីពលរដ្ឋប្ដឹងតាមរយៈ HotLine1292
កំពង់ស្ពឺ៖ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ០៨:២៧នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292(២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ករណីរំលោភនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានព័ត៏មានភ្លាមៗនៅម៉ោង៨:៥៥នាទីព្រឹក (ថ្ងៃ ខែ ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ សហការជាមួយ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅកន្លែងកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យនាំខ្លួនយកទៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធីបន្ត៕



