កម្លាំងអគ្គស្នងការ នគរបាលជាតិ បង្ក្រាបទីតាំង Online Scams មួយកន្លែងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស ៥៨៧នាក់
បន្ទាយមានជ័យ៖ ជនសង្ស័យសរុបចំនួន ៥៨៧នាក់ (ស្រី ១០៥នាក់) ត្រូវបានកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដ៏ធំមួយកន្លែង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅអគារកញ្ចក់កម្ពស់ ៣០ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាប្រតិបត្តិការផ្ទាល់នៅទីតាំងកើតហេតុដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិ។ ផ្អែកតាមការស្រាវជ្រាវ បឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការឆបោកឆ្លងដែនដ៏ស្មុគស្មាញមួយនេះ ត្រូវបានរៀបចំនិងដឹកនាំ ដោយមេខ្លោងជាជនជាតិថៃ ហើយក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារបម្រើ ឱ្យសកម្មភាពបទល្មើសជាច្រើនគ្រឿង។

ក្នុងចំណោមជនសង្ស័យចំនួន ៥៨៧នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់ (ស្រី ៧៦នាក់), ជនជាតិខ្មែរ ៥១នាក់ (ស្រី ២១នាក់) និងជនជាតិថៃ ១៨នាក់ (ស្រី ៦នាក់) ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរយ៉ាងយកចិត្តទុកដាក់ និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈជនជាតិបរទេស ដែលពាក់ព័ន្ធនឹងត្រូវបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា៕







