លោក ឃួង ស្រេង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ ក្នុងឱកាសបំពេញទស្សនកិច្ច នៅទីក្រុងហូជីមិញ
ហូជីមិញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ ដើម្បីចូលរួមក្នុងពិធីពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងអំពីស្ថានភាព ការអភិវឌ្ឍរាជធានីភ្នំពេញ ដែលកើតចេញពីមនុញ្ញផល នៃ “សុខសន្តិភាព និងស្ថិរភាពនយោបាយ” ដែលត្រូវបានស្តារ និងកសាងឡើង ក្រោមគតិបណ្ឌិតដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញ និងអនុវត្តប្រកបដោយភាពជោគជ័យបំផុតនៃ “នយោបាយឈ្នះ-ឈ្នះ” ដែលបានធ្វើឲ្យកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោយការឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃ អស់រយៈពេលជាច្រើនរយឆ្នាំកន្លងមក ហើយបច្ចុប្បន្នមរតកដ៏វិសេសថ្លៃថ្លានេះ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលបានធ្វើឱ្យកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ជាពិសេសគឺបានផ្តល់នូវបរិយាកាសសង្គម ដែលប្រកបដោយភាពសុខុដុមរមនា មានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រោមការបន្តពូនជ្រុំថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងការនាំយកនាវាកម្ពុជា ឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យ “កម្ពុជា ឆ្នាំ២០៥០”។

លោកស្រីអ្នកនាំពាក្យបញ្ជាក់ថា ក្នុងឱកាសនោះលោកអភិបាល ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ គឺធ្វើឡើងក្នុងឆ្នាំមិត្តភាពខួបលើកទី៥៩ នៃការបង្កើតទំនាក់ទំនងការទូត “កម្ពុជា-វៀតណាម” និងដើម្បីអបអរសាទរ ខួបលើក២២ នៃការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង “ភ្នំពេញ-ហូជីមិញ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ តាមរយៈការភ្ជាប់ទំនាក់ទំនង ប្រទេសទាំងពីរ ពិតជាបាននាំនូវគុណប្រយោជន៍ សម្រាប់ប្រទេសជាតិ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង”។ សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ កន្លងមកយើងតែងមានការផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់កម្រិតជាតិ និងកម្រិតទីក្រុងរវាងគ្នាទៅវិញទៅមក ព្រមទាំងបានរួមគ្នាកសាង នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ជាការឆ្លើយតប លោក ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសម្តែងនូវការអបអរសាទរ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលទើបបានធ្វើឡើង រវាងរដ្ឋបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។ លោក ត្រាន់ វ៉ាន់បាយ បានបន្តថា ក្នុងករណីមានបញ្ហាអ្វីកើតឡើង ក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ សាលាក្រុងហូជីមិញ បានត្រៀមខ្លួនរួចរាល់ ក្នុងការជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការ ទៅបានដោយរលូនតាមការគ្រោងទុក ។

ក្នុងឱកាសនោះ ភាគីវៀតណាម បានប្រគល់នូវលិខិតអញ្ជើញផ្លូវការ ដើម្បីអញ្ជើញលោក ឃួង ស្រេង ចូលរួមវេទិកាសេដ្ឋកិច្ចរដូវស្លឹកឈើជ្រុះ «សរទរដូវ» ឆ្នាំ២០២៦ (The Autumn Economy Forum 2026)-ស្តីពីការរួមបញ្ចូលគ្នា នៃចលករសេដ្ឋកិច្ចសកលថ្មី ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខផងដែរ៕






