Feature

អ្នកជំនាញសេដ្ឋកិច្ច អំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នា រក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ភ្នំពេញ ៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភា​គីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅក​ន្លែង​ការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញ របស់​កម្ពុជា​សម្រាប់​ការវិនិយោគ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែក​សេដ្ឋកិច្ចនៃរាជ​បណ្ឌិត្យសភា​កម្ពុជាបាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត និង​និយោ​ជក គឺជាកត្តា​សំខាន់សម្រា​ប់ធានាឱ្យដំណើ​រការផលិតកម្មបន្តប្រព្រឹត្តទៅដោយ​រលូន ជួយរក្សា​ការងារ និងប្រាក់​ចំណូល​របស់កម្មករ ព្រម​ទាំងបង្កើនទំនុកចិត្តរបស់អ្នកបញ្ជាទិញ និងវិនិយោគិនបរទេសចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។

លោកបណ្ឌិតបន្តថា ក្នុងបរិបទ​ដែលសេដ្ឋកិច្ច និងវិស័​យផលិតកម្មកំពុងប្រឈ​មនឹងបញ្ហា​ប្រឈម កម្មករ​និយោ​ជិត និយោ​ជក និង​ភាគីពាក់ព័ន្ធ គួររួម​គ្នាជាកម្លាំងតែមួយ ដើម្បីរក្សាសកម្មភាពផលិតកម្ម និងធានានិរន្តរភាពការងារ។ ការរក្សាឱ្យរោងចក្រ និង​សហគ្រា​សអាចបន្តដំណើ​រការបា​ន​ល្អ នឹងជួយ​ធានាប្រភពចំណូ​លរបស់កម្មករ និងប្រជាពលរដ្ឋ ហើយក្នុងរយៈ​ពេលវែង ក៏អាចបង្កើតល​ក្ខខណ្ឌឱ្យប្រាក់ឈ្នួល និងស្ថានភា​ពការងារបន្តមានភាពប្រសើរឡើងផងដែរ។

លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ បញ្ជា​ក់ថា៖«ខ្ញុំ​យល់ថា បងប្អូនក​ម្មករនិយោជិត និងនិយោ​ជក ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ គួរតែរួបរួមគ្នាជា​កម្លាំងតែ​មួយ ដើម្បីធានាឱ្យកម្លាំងផលិតកម្មរបស់យើងកាន់តែ​មានភាពសកម្ម និងបន្តដំណើរទៅ​មុខនៅក្នុងស្ថានភាពលំបាកនេះ។ ការរួម​គ្នានេះ នឹងជួយធានានិរន្តរភាពការងារ បង្កើនចំណូលរបស់កម្មករ និងប្រជាពលរដ្ឋ ហើយធ្វើឱ្យសេដ្ឋកិច្ចជាតិបន្តដំណើរការល្អ ដែលជាមូលដ្ឋាន​សម្រាប់​ការកែល​ម្អប្រាក់ឈ្នួ​ល​នាពេលខាងមុខ»។

ជាមួយគ្នានេះ លោកប​ណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែក​សេដ្ឋកិច្ចនៅរាជប​ណ្ឌិត្យ​សភាកម្ពុជា បានសង្កត់ធ្ងន់​លើសារៈសំខា​ន់នៃកិ​ច្ចសហកា​ររវាង​កម្មក​រនិយោជិត និយោ​ជក និងសហជីព ដោយ​ចាត់ទុកការយោគយ​ល់គ្នា និងសាមគ្គី​ភាពនៅកន្លែងការងារ ជាកត្តាចាំបាច់​សម្រាប់​រក្សាស្ថិរ​ភាពក្នុងវិ​ស័យផលិតកម្ម។

លោកបណ្ឌិតបានលើកឡើងថា នៅពេលមានបញ្ហា ឬវិវាទកើតឡើង ភាគីពាក់ព័ន្ធគួរប្រើ​ប្រាស់យន្តការចរ​ចាដោយ​សន្តិវិធី និងដោះស្រា​យទៅតាមច្បាប់ ដោយ​ផ្តោ​តលើការការពារផលប្រយោជន៍រួមរបស់កម្មករ និងនិយោជក។
​
​លើសពីនេះ ​ការអនុវ​ត្តច្បាប់​បានល្អ ការធានាសិទ្ធិ និងផលប្រ​យោជន៍របស់ភាគីទាំងអ​ស់ និងការពង្រឹងគុ​ណភា​ពផលិតកម្ម គឺជាកត្តាដែល​អាច​ជួយ​បង្កើនទំនុកចិត្តពីអ្នកបញ្ជាទិញអន្តរជាតិ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេសផ្សេងៗ។

លោកបណ្ឌិត ហុង វណ្ណៈ បញ្ជាក់ថា៖«ខ្ញុំចង់ឃើញកម្មករនិយោជិត និយោជក និងសហជីព បន្តសហការគ្នា ធ្វើការរួមគ្នា សាមគ្គីគ្នា និងមាន​ការយោ​គយល់គ្នាឱ្យកា​ន់តែច្រើន។ នៅក្នុងកាលៈទេសៈនេះ យើងត្រូវតែយោគយល់ និងសាមគ្គីគ្នាឱ្យបានស្អិតរមួត ហើយប្រសិន​បើមាន​បញ្ហា​អ្វី គួរអង្គុយចរចាគ្នាដោ​យសន្តិវិធី និង​ដោះស្រាយទៅតាម​ច្បា​ប់ ដើម្បីធានាផលប្រយោជន៍រួមរបស់កម្មករ និងនិយោជក»។

ចំពោះអ្នកបញ្ជាទិញអន្តរជា​តិ និងដៃគូពាណិជ្ជក​ម្ម ក៏កំពុងយកចិត្តទុកដាក់លើបរិយាកាសការងារ ការអនុវត្តច្បាប់ និងទំនា​ក់ទំនងរវាងកម្មករ និងនិយោជកផងដែរ។ ដូច្នេះការរក្សាបាននូវសុខដុមនីយកម្មក្នុងរោងចក្រ ការដោះ​ស្រាយវិវាទដោ​យសន្តិវិធី និងការពង្រឹងគុណភាពផលិតកម្ម មិនត្រឹមតែជួយការពារផលប្រយោ​​ជន៍របស់កម្មករ និងនិយោជកប៉ុ​ណ្ណោះទេ ប៉ុន្តែថែមទាំង​ជួយលើកកម្ពស់​ទំនុកចិ​ត្តលើ​ផលិតផលកម្ពុជា និងសមត្ថភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ នេះបើតាមកា​របញ្ជាក់ប​ន្ថែមពីលោកបណ្ឌិត ហុង វណ្ណៈ។

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ច បាន​លើកទឹកចិត្តដល់ភា​គីពាក់ព័ន្ធ គួរបន្តផ្តោ​តលើការពង្រឹងគុណ​ភាពផលិ​ត​ផល ផលិត​ភាពការងារ និងសមត្ថភា​ពប្រកួ​តប្រជែង ដើម្បីធានាថាវិស័យផ​លិតកម្មកម្ពុ​ជាអាចរ​ក្សាទីផ្សារ ទាក់​ទាញ​កា​រ​វិនិ​យោ​គ និង​បង្កើតការងារប្រក​បដោយចី​រភា​ព​សម្រា​ប់ប្រជាពលរដ្ឋ៕

To Top