ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅខេត្តឧត្តរមានជ័យ ប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត បានបើកដំណើរការនៅតាមសាលាឃុំ សង្កាត់ ទាំង ២៤ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមនីតិវិធីដែលបានកំណត់។
លោកស្រី ត្រាន់ សួគ៌ា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តឧត្តរមានជ័យមានប្រសាសន៍ថា ដំណើរការនៅតាមការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទាំង ២៤ ទោះជាបងប្អូនប្រជាពលរដ្ឋ ដែលនៅជំរុំភៀសសឹក ល.ខ.ប បានសហការជាមួយអាជ្ញាធរ និងបម្រើសេវាជូនបងប្អូន ឲ្យមានភាពងាយស្រួល ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងពុំមានបញ្ហាមិនប្រក្រតីណាមួយ កើតឡើងឡើយ។
លោកស្រីបានបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅខេត្តឧត្តរមានជ័យ ក៏ទទួលបានការចូលរួមការពារ និងរក្សាសន្តិសុខពីកងកម្លាំងសន្តិសុខបោះឆ្នោត ព្រមទាំងមានការចូលរួម របស់ភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ នៅតាមការិយាល័យ ដើម្បីតាមដាន និងសង្កេតមើលដំណើរការនេះ ប្រកបដោយតម្លាភាព។
ការបើកដំណើរការការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ទាំង ២៤ ក្នុងខេត្តឧត្តរមានជ័យ គឺជាផ្នែកមួយនៃដំណើរការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោតប្រចាំឆ្នាំ ដែលមានគោលបំណងធានា ឱ្យបញ្ជីឈ្មោះអ្នកបោះឆ្នោតមានភាពត្រឹមត្រូវ ពេញលេញ និងមានភាពជឿជាក់។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវបានលើកទឹកចិត្តឱ្យអញ្ជើញទៅពិនិត្យឈ្មោះ និងព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងចុះឈ្មោះបោះឆ្នោត ប្រសិនបើមិនទាន់មានឈ្មោះក្នុងបញ្ជី ដើម្បីធានាថាខ្លួនអាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន បានត្រឹមត្រូវតាមច្បាប់។
ការចូលរួមរបស់ប្រជាពលរដ្ឋ កងកម្លាំងសន្តិសុខបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ បានរួមចំណែកដើម្បីធានា ឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី តម្លាភាព សុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕



