លោក ហេង សួរ ដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហ៊ីវ សុវណ្ណ ដែលត្រូវជាឪពុកបង្កើត របស់លោកហ៊ីវ បញ្ញាវុឌ្ឍ អនុប្រធានតំបន់ប៊ូសាន នៃប្រទេសកូរ៉េ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហ៊ីវ សុវណ្ណ ដែលត្រូវជាឪពុកបង្កើតរបស់លោក ហ៊ីវ បញ្ញាវុឌ្ឍ អនុប្រធានតំបន់ប៊ូសាន នៃប្រទេសកូរ៉េ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

លោកប្រធាន បានចាត់ទុកមរណភាពរបស់ឧបាសក ហ៊ីវ សុវណ្ណ ជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃជាទីបផុតចំពោះ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានបរិច្ចាគនូវធនធាន និងសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងការរួមចំណែកកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា។

ក្នុងឱកាសប្រកប ដោយសេចក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ លោក និងគណៈប្រតិភូ សូមសម្តែង នូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ ជាអនេកប្បការជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ហ៊ីវ សុវណ្ណ សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕






