ក្រសួងទេសចរណ៍ ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្ត ក្នុងឱកាសភ្ជុំបិណ្ឌ ជាង២លានដងនាក់
ភ្នំពេញ ៖ យោងតាមការបញ្ជាក់របស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ពោលក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅ មានភ្ញៀវទេសចរ ដើរលេងកម្សាន្ត ប្រមាណជាង២លានដងនាក់ កើនឡើង ០,៨% ធៀបនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅតាមបណ្តារាជធានី-ខេត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ ទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ២,១៦១,២១១ដងនាក់ កើនឡើង០,៨% ធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ។ ក្នុងនោះ បែកចែកជាទេសចរ៣ប្រភេទ រួមមាន ៖ ទេសចរជាតិស្នាក់នៅ សរុបប្រមាណ ៣៨២,៥៤៩ដងនាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្ត្រ សរុបប្រមាណ ១,៧៥៤,៣១៩នាក់ និងទេសចរបរទេស សរុប ២៤,៣៤៣ដងនាក់ ។
ជាមួយគ្នានេះ ខេត្តចំនួន៥ ទទួលបានទេសចរច្រើនគេរួមមាន៖ ១ខេត្តសៀមរាប ២៥៦,៧១៥ដងនាក់, ២ខេត្តកំពត ២២៤,៨៦០ដងនាក់, ៣ខេត្តព្រះសីហនុ ១៩៥,៩៩៤ដងនាក់, ៤ខេត្តកំពង់ឆ្នាំង ១៦៨,០១៦ដងនាក់ និង៥ខេត្តកំពង់ចាម ១៦៥,២៧២ដងនាក់ ។
តាមការបញ្ជាក់របស់ក្រសួង ការរាប់ស្ថិតិទេសចរណ៍ ក្នុងំអឡុងពេលព្រឹត្តិការណ៍ ពិធីបុណ្យ ឬកម្មវិធនានាជាការរាប់ចំនួនដង ឬលើកនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សទេ ក្នុងនោះភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរកម្សាន្ត ឬទស្សនានៅទីកន្លែងនីមួៗ លើសពីមួយដង ឬមួយលើក៕

