អាជ្ញាធរ នឹងរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពី ផ្លូវថ្នល់ ចាប់ពីថ្ងៃទី២៣ តុលា តទៅ
ភ្នំពេញ ៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់ ដោយគ្រប់ប្រភេទ យានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ តទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ និង ដឹកជញ្ជូន ថា ដើម្បីពង្រឹងការអនុវត្ត បទប្បញ្ញត្តិនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ បានប្រកាសឱ្យប្រើជាផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងការពារការ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ សិល្បការរ្យផ្លូវថ្នល់ ព្រមទាំងរួមចំណែកកាត់បន្ថយ ថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់ និងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយគ្រប់ប្រភេទ យានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ទាំងស្រុង ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ តទៅ។ ករណីមាន អំពើល្មើស ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវទទួលរងនូវការ ពិន័យដូចមានចែងក្នុងមាត្រា៦០ ថ្មី និងមាត្រាពាក់ព័ន្ធ ដោយពុំមានការលើកលែងឡើយ។
គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សង្ឃឹម និងជឿជាក់ថា សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់ រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ឱ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
