អាជ្ញាធរមីន ៖ ចាប់ពីឆ្នាំ១៩៩៣ អាល្លឺម៉ង់ បានគាំទ្រការបោសសម្អាតមីន លើផ្ទៃដីជាង ៥៨ គីឡូម៉ែត្រការ៉េ នៅកម្ពុជា
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ អាល្លឺម៉ង់បានគាំទ្រ ការបោសសម្អាតមីនលើផ្ទៃដីជាង ៥៨ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់។
ការលើកឡើងរបស់ លោក លី ធុជ នាឱកាសជួបពិភាក្សាការងារជាមួយ លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។ ជំនួបនេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
ក្នុងឱកាសនេះ លោក លី ធុជ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានគាំទ្រវិស័យសកម្មភាពមីន នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣។ លោក បានចាត់ទុកអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយូរអង្វែង បានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបង្កើនសុវត្ថិភាព និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោក បានបញ្ជាក់ថា «ចាប់តាំងពីឆ្នាំ១៩៩៣ ការគាំទ្ររបស់អាល្លឺម៉ង់បានរួមចំណែកដល់ការបោសសម្អាតផ្ទៃដីជាង ៥៨ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ដោយបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣១.៧៨៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤២៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៧៣.៣៤៩ គ្រាប់ និងមានប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ ទទួលបានផលប្រយោជន៍។
បន្ថែមលើនេះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានគាំទ្រយ៉ាងសកម្ម ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កាលពីឆ្នាំ២០២៤ កន្លងទៅ។
លោក លី ធុជ បានបញ្ជាក់ថា ការគាំទ្រ របស់អាល្លឺម៉ង់ មិនត្រឹមតែបានរួមចំណែកដល់សមិទ្ធផល ជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីន នៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកសាងអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ បានបញ្ជាក់ពីការប្តេជ្ញាចិត្តមនុស្សធម៌របស់អាល្លឺម៉ង់ក្នុងការគាំទ្រវិស័យសកម្មភាពមីន និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់សហគមន៍ ដែលជាវិធានការដ៏សំខាន់ក្នុងការបង្ការគ្រោះថ្នាក់ និងការពារអាយុជីវិតប្រជាពលរដ្ឋ បន្ថែមលើការងារបោសសម្អាត៕
