លោក ប៉ែន បូណា បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី
ភ្នំពេញ ៖ ក្នុងនាមជា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃ១៤ តុលានេះ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ីដែលថា កងទ័ពកម្ពុជាបានបាញ់រះមុនទៅយោធាថៃកាលពីអំឡុងពេលថ្មីៗផ្ទុះអាវុធនាឆ្នាំ២០២៥ ។
ការបដិសេធជាថ្មី របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពី លោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីការបរទេសថៃ បាននិយាយប្រាប់សារព័ត៌មាន Top News ដោយស្រង់សម្តីលោក សម រង្ស៊ី ថា កម្ពុជាជាអ្នកបាញ់មុនទៅយោធាថៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោកប៉ែន បូណា ថ្លែងថា ទីបំផុត លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា ជាអ្នកបង្កហេតុមុនប្រាកដមែន ។
អ្នកនាំពាក្យបញ្ជាក់ថា លោក សម រង្ស៊ី ក៏មិនបានសុំទោសប្រជាពលរដ្ឋខ្មែរ និងមិនបានបង្ហាញសូម្បីតែបន្តិចនូវវិប្បដិសារីចំពោះអ្វីដែលគាត់បាននិយាយថា កម្ពុជាបានបាញ់ទៅភាគីថៃមុន។ ផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែបន្តចោទថា កម្ពុជាជាអ្នកបង្កហេតុមុនដដែល និងបានបង្ហាញកាន់តែច្បាស់ថា គាត់ការពារថៃ ហើយប្រឆាំងផលប្រយោជន៍ជាតិខ្មែរយ៉ាងពិតប្រាកដដែលប្រជាជាតិខ្មែរមិនអាចទទួលយកបានឡើយ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថា លោក សម រង្ស៊ី គឺជាជនក្បត់ជាតិដោយមិនអាចប្រកែកបាន។
លោកសង្កត់ធ្ងន់ថា “អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី និងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើក្បត់ផលប្រយោជន៍ជាតិរបស់បុគ្គលរូបនេះ និងសូមបញ្ជាក់ជាថ្មីម្តងទៀតថា ភាគីថៃគឺជាអ្នកបាញ់មុន ហើយកម្ពុជាគឺជាជនរងគ្រោះ”៕
