ខែកញ្ញា ! គម្រោងវិនិយោគ៣៦ ក្នុងទំហំទុនវិនិយោគប្រមាណ ៤៧០លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៣៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។
តាមរយៈសេចក្ដីប្រកាស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ថា «កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងទំហំ ទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ ១៧ពាន់កន្លែង»។
ប្រភព ដដែល បន្ដថា ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៣៥លានដុល្លារអាម៉េរិក និងអាច បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៦ពាន់កន្លែង។
ជាការកត់សម្គាល់ សកម្មភាព វិនិយោគក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នៅតែបន្តផ្តោតសំខាន់លើវិស័យឧស្សាហកម្ម ខណៈវិស័យ កសិកម្មនិងកសិ ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ មាននិន្នាការកើនឡើង។ សញ្ញាណនេះ បង្ហាញពីការបន្តធ្វើពិពិធកម្មសកម្មភាពវិនិយោគនៅកម្ពុជា និងក៏បានបង្ហាញពីការជឿទុកចិត្តពីសំណាក់ វិនិយោគិនលើបរិស្ថានវិនិយោគនៅកម្ពុជា៕
