កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្ត នៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Olzhas Bektenov នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន បានស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្ត នៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង។

ជាក់ស្ដែង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Olzhas Bektenov ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន បានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាស្ពានក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។

ជាការឆ្លើយតប បានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកជាកម្លាំងចលករជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលជាមរតករបស់ថ្នាក់ដឹកនាំជំនាន់មុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការស្វែងរកយន្តការថ្មី ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង លើវិស័យ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, សន្តិសុខ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការបង្រ្កាបបទល្មើសផ្សេងៗក្នុងវិស័យបច្ចេកវិទ្យា, ច្បាប់, ហិរញ្ញវត្ថុ, និងការតភ្ជាប់ប្រជាជននិងប្រជាជន ជាដើម៕
