ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines និង Selfie Travel ចាប់ផ្តើមការហោះហើរត្រង់ ពីកាហ្សាក់ស្ថាន មកកម្ពុជាឡើងវិញ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កាហ្សាក់ស្ថាន SCAT Airlines សហការជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel ចាប់ផ្តើមការហោះហើរត្រង់ ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ និងទៀងទាត់ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើរ រវាងប្រទេសទាំងពីរ ។

នាឱកាសអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាង ទំនុកចិត្តនៅអាសុី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Vladimir Andreevich Sytnik តំណាង ក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនដ៏ធំមួយរូប របស់ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines នៃសាធារណរដ្ឋកាហ្សាក់ស្ថាន លើកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការហោះហើរត្រង់ពីប្រទេសកាហ្សាក់ស្ថាន មកកាន់កម្ពុជា ។

កិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីក្រុមហ៊ុន បានស្នើសុំកិច្ចសហការ និងការគាំទ្រ ពីក្រសួងទេសចរណ៍ ដើម្បីចាប់ផ្តើមឡើងវិញ នូវជើងហោះហើរត្រង់ និងទៀងទាត់របស់ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines ដែលបាន សហការ ជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel ដើម្បីនាំភ្ញៀវទេសចរ កាហ្សាក់ស្ថាន មកទស្សនាកម្ពុជា ក៏ដូចជាចូលរួមចំណែក ក្នុងការជំរុញលំហូរភ្ញៀវទេសចរ និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ៕








