ព័ត៌មានអន្តរជាតិ

‎ក្រសួងកសិកម្មហ្វីលីពីន លុបចោលការនាំចូលអង្ករ ពីវៀតណាមដែលមានតម្លៃ ៧០០ លានប៉េសូ‎

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel Jr. បានមានប្រសាសន៍ថា ក្រសួងកសិកម្មបានបញ្ជាឱ្យលុបចោល លិខិតអនុញ្ញាតនាំចូល សម្រាប់ការដឹកជញ្ជូនអង្ករពីប្រទេសវៀតណាម ដែលមានតម្លៃ ៧០០ លានប៉េសូ (P700 million) គឺប៉ុន្មានថ្ងៃមុនពេលនាវាដឹកទំនិញនោះ មកដល់ប្រទេសហ្វីលីពីន ។
‎
‎យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ លោក Tiu Laurel បានឱ្យដឹងថា លិខិតអនុញ្ញាត សម្រាប់ទំនិញអង្ករនៅលើនាវា MV Tay Son 2 ត្រូវបានដកហូតវិញ មុនពេលនាវានេះចូលដល់ដែនទឹក របស់ប្រទេសហ្វីលីពីន។
‎
‎លោកបានមានប្រសាសន៍ថា ៖ «ក្រសួងកសិកម្ម (DA) តាមរយៈការិយាល័យរបស់ខ្ញុំ បានបញ្ឈប់ការដឹកជញ្ជូននេះ ដោយបានបញ្ជាឱ្យការិយាល័យ ឧស្សាហកម្មរុក្ខកម្ម (Bureau of Plant Industry ឬ BPI) លុបចោលលិខិតអនុញ្ញាតផ្នែកអនាម័យ និងសុវត្ថិភាពរុក្ខផលសម្រាប់ការនាំចូល ទោះបីជានាវាបានធ្វើដំណើរមកដល់ ប្រទេសហ្វីលីពីនរួចហើយក៏ដោយ»។
‎
‎លិខិតអនុញ្ញាតនាំចូលនេះត្រូវបានលុបចោល តាមសំណើរបស់ក្រុមហ៊ុន Planters Product Inc. (PPI) ដែលបានដាក់ពាក្យស្នើសុំនាំចូលអង្ករ ដែលមានគ្រាប់បាក់ ២៥ ភាគរយ ប៉ុន្តែក្រោយមកត្រូវបានគេជូនដំណឹងថា អង្ករដែលដឹកមកនោះតាមពិតមានគ្រាប់បាក់ត្រឹមតែ ៥ ភាគរយប៉ុណ្ណោះ។
‎
‎ក្រុមហ៊ុន PPI ក៏បានជូនដំណឹងទៅកាន់ក្រសួងកសិកម្មផងដែរថា កិច្ចសន្យានោះបានផុតកំណត់រួចទៅហើយ ដោយសារការដឹកជញ្ជូនត្រូវបានគ្រោងទុកដំបូងនៅខែកក្កដា ពោលគឺមុនពេលរដូវប្រមូលផលក្នុងរដូវវស្សា ដែលជាពេលដែលការផ្គត់ផ្គង់អង្ករមានភាពតឹងរ៉ឹងជាងធម្មតា។
‎
‎យោងតាមពាក្យស្នើសុំនាំចូល នាវា MV Tay Son 2 បានដឹកអង្ករចំនួន ១២.៤៨០ តោនពីប្រទេសវៀតណាម ដែលស្មើនឹងប្រហែលមួយភាគបីនៃតម្រូវការអង្ករប្រចាំថ្ងៃរបស់ប្រទេសហ្វីលីពីន។
‎
‎

To Top