ព័ត៌មានអន្តរជាតិ

‎ប្រភពនានាបានឱ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការចរចាសម្ងាត់បន្ថែមទៀត ជាមួយក្រុមអ្នកកាន់អំណាច នៅមីយ៉ាន់ម៉ា ដែលមានយោធាគាំទ្រ នៅទីក្រុងតូក្យូ‎

‎បរទេស៖ ប្រភពដែលដឹងពីបញ្ហានេះបានឱ្យដឹងថា សហរដ្ឋអាមេរិក និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលគាំទ្រដោយយោធា បានជួបពិភាក្សាគ្នា នៅទីក្រុងតូក្យូកាលពីសប្តាហ៍មុន ។ នេះគឺជាជំនួបលើកទីពីរ ក្នុងរយៈពេលមួយខែ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនការចូលរួមឡើងវិញ ជាមួយក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលខ្លួនធ្លាប់បានកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីពួកគេធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០២១។
‎
‎យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីពេលមុនថា ការពិភាក្សាមុននេះនៅរដ្ឋធានីណៃពិដោ (Naypyitaw) នៃប្រទេសមីយ៉ាន់ម៉ា កាលពីពាក់កណ្តាលខែកញ្ញា បានផ្តោតលើការស្វែងរកការដោះលែង ពាណិជ្ជករអាមេរិកម្នាក់ និងការបិទមជ្ឈមណ្ឌលឆបោក តាមអនឡាញដែលកំណត់គោលដៅលើជនជាតិអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាទាំងនោះអាចបើកផ្លូវទៅរកកិច្ចពិភាក្សា ដែលមានវិសាលភាពទូលំទូលាយជាងមុន រួមទាំងបញ្ហាទាក់ទងនឹងប្រភពធនធានរ៉ែដ៏កម្រ (rare-earth minerals) នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
‎
‎មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថា តើភាគីទាំងពីរបានពិភាក្សាអំពីអ្វីខ្លះនៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន។ ព័ត៌មាននេះត្រូវបានទម្លាយប្រាប់ Reuters ដោយបុគ្គលចំនួន ៣ នាក់ដែលដឹងអំពីកិច្ចពិភាក្សានេះ។ បុគ្គលទាំងនោះ រួមទាំងមន្ត្រីអាមេរិកម្នាក់ បានស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃកិច្ចប្រជុំនេះ។
‎
‎ប្រភពមួយក្នុងចំណោមប្រភពទាំងនោះបានឱ្យដឹងថា លោក Michael Vance ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់ និងការស្រាវជ្រាវ បានដឹកនាំកិច្ចពិភាក្សានៅទីក្រុងតូក្យូនេះ ដោយមានការចូលរួមពីមន្ត្រីអាមេរិកជាង ១០ នាក់។ ទោះជាយ៉ាងណាក៏ដោយ Reuters មិនអាចកំណត់បានទេថា តើអ្នកណាជាអ្នកតំណាងឱ្យភាគីមីយ៉ាន់ម៉ា។
‎ប្រែសម្រួល: តុលា

To Top