Feature

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យនិងវាយតម្លៃ អំពីទិន្នផលត្រី របស់បងប្អូនប្រជានេសាទ ក្នុងឱកាសដើមរដូវបើកនេសាទ នៅឃុំកំពង់លួង ស្រុកក្រគរ

ខេត្តពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់អំពីទិន្នផលត្រី របស់បងប្អូនប្រជានេសាទ ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ក្នុងឱកាសដើមរដូវបើកនេសាទនេះ។

ក្តីសង្ឃឹម និងស្នាមញញឹម របស់បងប្អូនប្រជានេសាទនាពេលនេះ គឺជាលទ្ធផលជាក់ស្តែងដែលកើតចេញពី៖
-ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ របស់អាជ្ញាធរខេត្ត និងកម្លាំងអន្តរាគមន៍ចម្រុះ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទយ៉ាងក្តៅគគុកជាប់លាប់នាពេល ២-៣ ឆ្នាំចុងក្រោយនេះ ។
-ការយល់ដឹង និងការសហការយ៉ាងសកម្មពីសំណាក់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការអភិរក្សធនធានជលផល។

ការកើនឡើងនៃទិន្នផលត្រីនាពេលនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជានេសាទក្នុងខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

សូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ បន្តចូលរួមប្រើប្រាស់ ឧបករណ៍នេសាទស្របច្បាប់ និងរួមគ្នាកពារធនធានធម្មជាតិ របស់យើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ! ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top