ព័ត៌មានអន្តរជាតិ

របាយការណ៍ HRW ៖ ការវាយប្រហារ ដោយដ្រូនរបស់កងទ័ពម៉ាលី និងកងកម្លាំងគាំទ្រដោយរុស្ស៊ី បានសម្លាប់ជនស៊ីវិលរាប់សិបនាក់

ដាការ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch – HRW) បានឱ្យដឹងនៅក្នុងរបាយការណ៍មួយនៅថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធម៉ាលី និងកងកម្លាំងគាំទ្រដោយរុស្ស៊ី បានប្រើប្រាស់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដោយ «មិនរើសមុខ» រួមទាំងការរំលោភបំពានផ្សេងៗទៀត នៅក្នុងយុទ្ធនាការវាយលុកទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមបះបោរនាប៉ុន្មានខែថ្មីៗនេះ ដែលបានបណ្តាលឱ្យជនស៊ីវិល រាប់សិបនាក់បាត់បង់ជីវិត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Ruetersថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមទិន្នន័យពីអង្គការឃ្លាំមើលជម្លោះ ACLED ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញថា ចំនួននៃការវាយប្រហារដោយដ្រូន និងចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិត បានកើនឡើងជាងទ្វេដងនៅចន្លោះខែមេសា ដល់ខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្តែង កងកម្លាំងម៉ាលី និងក្រុមទាហានប៉ារ៉ារុស្ស៊ី Africa Corps បានធ្វើការវាយប្រហារដោយដ្រូនចំនួន ៤៧ លើក ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ចំនួន ៩៤ នាក់ (កើនឡើងពីការវាយប្រហារ ២២ លើក និងជនស៊ីវិលស្លាប់ ៤៤ នាក់ កាលពីឆ្នាំមុន)។

​ការបង្កើនប្រតិបត្តិការយោធានេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ទូទាំងប្រទេសដោយក្រុម JNIM (សម្ព័ន្ធមិត្តរបស់ក្រុមភេរវករ អាល់កៃដា ប្រចាំតំបន់) និងក្រុមបំបែកខ្លួនដឹកនាំដោយជនជាតិ Tuareg។ គួររំឭកថា ការវាយប្រហាររបស់ក្រុមបះបោរកាលពីថ្ងៃទី២៥ ខែមេសា បានសម្លាប់រដ្ឋមន្ត្រីការពារជាតិម៉ាលី និងបានវាយប្រហារលើទីប្រជុំជន ទីក្រុងជាច្រើន រួមទាំងអាកាសយានដ្ឋានសំខាន់ក្នុងរដ្ឋធានីបាម៉ាកូ (Bamako) ដែលឆ្លុះបញ្ចាំងពីលំបាករបស់រដ្ឋាភិបាលក្នុងការស្តារសន្តិសុខឡើងវិញ។

មេដឹកនាំយោធាម៉ាលី ដែលបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារក្នុងឆ្នាំ ២០២០ និង ២០២១ បានងាកទៅរកការគាំទ្រពីប្រទេសរុស្ស៊ី និងបានជួលក្រុម Africa Corps ដើម្បីជួយទប់ទល់នឹងក្រុមបះបោរ។

របាយការណ៍បានកត់ត្រាការវាយប្រហារកាលពីថ្ងៃទី១៩ ខែសីហា ទៅលើផ្សារលក់គោក្របីមួយកន្លែងក្នុងតំបន់ Bandiagara ភាគកណ្តាលប្រទេសម៉ាលី ដែលបានសម្លាប់បុរស ៦ នាក់ និងការវាយប្រហារមុនពេលភ្លឺកាលពីថ្ងៃទី២៩ ខែកក្កដា ទៅលើមណ្ឌលសុខភាពមួយក្នុងតំបន់ Kidal ភាគខាងជើង ក្បែរព្រំដែនអាល់ហ្សេរី។

ក្រៅពីការប្រើប្រាស់ដ្រូន របាយការណ៍ក៏បានចងក្រងឯកសារអំពីការរំលោភបំពានផ្សេងទៀត ដូចជាហេតុការណ៍កាលពីថ្ងៃទី១២ ខែកក្កដា ក្នុងតំបន់ Segou ដែលទាហានបានបាញ់សម្លាប់ក្មេងស្រី ៥ នាក់ ដោយសារភាន់ច្រឡំថាជាក្រុមអ្នកវាយប្រហារ។

អង្គការ HRW ក៏បានកត់ត្រាការរំលោភបំពានដោយក្រុម JNIM និងក្រុមបំបែកខ្លួន Tuareg ផងដែរ រួមមានទាំងការប្រហារជីវិតទាហានម៉ាលី ១៩ នាក់ នៅតំបន់ Gao ភាគខាងជើង កាលពីខែកក្កដា។ ទោះជាយ៉ាងណា គណៈកម្មាធិការច្បាប់សាសនា (Sharia Committee) របស់ក្រុម JNIM បានប្រាប់ HRW ថា ការសម្លាប់នោះពិតជាបានកើតឡើងមែន ប៉ុន្តែបានបដិសេធថាមិនបានបញ្ជាឱ្យធ្វើនោះទេ ដោយអះអាងថា «វាមិនមែនជាគោលការណ៍របស់ពួកគេឡើយ»។

អ្នកនាំពាក្យកងទ័ពម៉ាលី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ខណៈដែលអង្គការ HRW ក៏មិនទទួលបានការឆ្លើយតបចំពោះលិខិតដែលបានផ្ញើកាលពីថ្ងៃទី៥ ខែសីហា ជូនរដ្ឋមន្ត្រីការពារជាតិថ្មីរបស់ម៉ាលី ស្តីពីរបកគំហើញទាំងនេះដែរ។ កន្លងមក រដ្ឋាភិបាលម៉ាលីតែងតែបដិសេធចំពោះការសម្លាប់ជនស៊ីវិលក្នុងប្រតិបត្តិការបង្ក្រាបក្រុមបះបោរ។

ចំណែកឯស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបាម៉ាកូ ក៏មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទាក់ទងនឹងការជាប់ពាក់ព័ន្ធរបស់ក្រុម Africa Corps នោះដែរ។

ប្រែសម្រួល៖ គីរី

To Top