គុយបា ថ្កោលទោសដីកា ចាប់ខ្លួនលោក Raul Castro ដែលចេញដោយសហរដ្ឋអាមេរិក
ហាវ៉ាណា៖ រដ្ឋាភិបាលគុយបា បានថ្កោលទោស ចំពោះដីកាចាប់ខ្លួនអតីតប្រធានាធិបតីគុយបា លោក Raul Castro ដែលចេញដោយរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក ដោយចាត់ទុកថា វាជាល្បិចផ្លូវច្បាប់ ដែលផ្សារភ្ជាប់ទៅនឹង ការដាក់ទណ្ឌកម្មបិទផ្លូវ របស់ទីក្រុងវ៉ាស៊ីនតោន លើប្រទេសកោះមួយនេះ។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានសរសេរនៅលើបណ្តាញសង្គម X ថា «សកម្មភាពដ៏គួរឱ្យស្អប់ខ្ពើមប្រឆាំងនឹងឧត្តមសេនីយ៍កងទ័ពរូបនេះ ដែលបានកើតឡើងនៅព្រឹកថ្ងៃនេះ ក្នុងទម្រង់ជាល្ខោនដ៏គួរឱ្យអាណោចអាធ័មមួយនៅទីក្រុងម៉ៃអាមី និងស្ថិតក្នុងបរិបទនៃការបោះឆ្នោតនោះ គឺមិនមានមូលដ្ឋានផ្លូវច្បាប់អ្វីទាំងអស់ ហើយក៏មិនអាចមានឡើយ ព្រមទាំងគ្មានន័យអ្វីទាល់តែសោះក្នុងស្ថានភាពជាក់ស្តែង»។
លោក Diaz-Canel បានលើកឡើងថា ដីកាចាប់ខ្លួននេះ គឺជាល្បិចនយោបាយមួយដែលបន្លំខ្លួនជាទម្រង់ផ្លូវច្បាប់ ដែលរៀបចំឡើងដោយក្រុមអ្នកនយោបាយប្រឆាំងគុយបា ដើម្បីវាយប្រហារលើលោក Raul Castro និងប្រទេសគុយបា។
លោកបានបន្ថែមថា ចំណាត់ការនេះ «ឆ្លុះបញ្ចាំងពីការលំបាកដែលសហរដ្ឋអាមេរិក កំពុងជួបប្រទះ ក្នុងការស្វែងរកហេតុផលមកបញ្ជាក់ពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មបិទផ្លូវ និងការដាក់ទណ្ឌកម្មជាសមូហភាពមកលើប្រជាជនរបស់យើង»។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez ក៏បានថ្កោលទោសចំពោះសកម្មភាពនេះផងដែរ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X ដោយហៅវាថាជា «ល្បិចថ្មីមួយដែលគ្មានប្រយោជន៍អ្វីសោះ របស់ក្រុមអ្នកនយោបាយប្រឆាំងគុយបានៅភាគខាងត្បូងរដ្ឋផ្លរីដា ដែលតម្រង់ទៅលើឧត្តមសេនីយ៍កងទ័ព Raul Castro។ ល្បិចនេះត្រូវបានពួកគេផ្សំបញ្ចូលជាមួយការចោទប្រកាន់ចាស់ៗដដែលៗ និងគ្មានមូលដ្ឋានផ្សេងទៀត ប្រឆាំងនឹងប្រទេសគុយបា»៕
ប្រែសម្រួល ឈូក បូរ៉ា
