ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ហេីយថា​ ខ្លួននឹងមិនទទួលយកការបង្ខំ ឱ្យធ្វើតាមតម្រូវការនានា​ ដោយប្រើកម្លាំង​ និងសម្ពាធនោះទេ

តេអេរ៉ង់៖​ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ថា ទីក្រុងតេអេរ៉ង់​ នឹងមិនទទួលយកឡើយ ប្រសិនបើមានប្រទេសណាមួយព្យាយាមដាក់ឆន្ទៈ និងតម្រូវការរបស់ខ្លួនលើប្រទេសដទៃ ដោយប្រើប្រាស់កម្លាំង និងសម្ពាធ។

ដោយលើកឡើងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ លោក Pezeshkian បានឧ្យដឹងថា ការធ្វើឃាតថ្នាក់ដឹកនាំ មេបញ្ជាការយោធា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងនិស្សិតរបស់អ៊ីរ៉ង់ ព្រមទាំងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ គឺជារឿងដែលផ្ទុយនឹងស្តង់ដារច្បាប់ និងសីលធម៌ទាំងអស់ ជាពិសេសនៅពេលដែលទីក្រុងតេអេរ៉ង់​ កំពុងស្ថិតក្នុងដំណើរការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័រការិយាល័យរបស់លោក លោក Pezeshkian បានបញ្ជាក់ថា អ៊ីរ៉ង់មិនមានជម្លោះជាមូលដ្ឋានណាមួយជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីខាងលិចនោះទេ ហើយអ៊ីរ៉ង់​ ត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយបញ្ហា និងបញ្ហាប្រឈមនានាដែលមានស្រាប់ តាមរយៈការសន្ទនា។

សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា លោក Lavrov បានសង្កត់ធ្ងន់លើភាពស្រដៀងគ្នានៃជំហររវាងរុស្ស៊ី និងអ៊ីរ៉ង់លើបញ្ហាសកលលោក ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តកិច្ចចរចាការទូត និងប្រើប្រាស់សមត្ថភាពដែលមានស្រាប់ ដើម្បីពង្រឹងសន្តិភាព និងសន្តិសុខ។

លោក Lavrov បានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃដដែលនោះ។ អ៊ីរ៉ង់ និងរុស្ស៊ី ដែលសុទ្ធតែស្ថិតនៅក្រោមទណ្ឌកម្ម របស់សហរដ្ឋអាមេរិក បានពង្រីកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទប់ទល់នឹងការរឹតត្បិតនានារបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top