ព័ត៌មានជាតិ

សម្តេចធិបតី ជឿជាក់ថា ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ។

ការបង្ហាញការជឿជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសនអនុញ្ញាតឱ្យ លោក នាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក នាយឧត្តមសេនីយ៍ បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។ ជាមួយនឹងការសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព​ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ,

លោក ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានអបអរសាទរចំពោះលោក នាយឧត្តមសេនីយ៍ Antonio G Natarrete ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន នាពេលថ្មីៗនេះ។

សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ, ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ព្រមទាំងឈានទៅសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នាពេលខាងមុខ និងខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះ ឱ្យក្លាយជាសកម្មភាព​ និងលទ្ធផល ជាក់ស្ដែង។

បន្ថែមលើនេះ, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទី​ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន, ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ សម្ដេចធិបតី ក៏បានបញ្ជាក់នូវការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពនូវកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក៕

To Top