Feature

ទូតម៉ាឡេស៊ី ៖ កំណើននាំចេញរបស់កម្ពុជា ទៅម៉ាឡេស៊ី ឆ្លុះបញ្ចាំង ទំនាក់ទំនងជាភាព ជាដៃគូដ៏រឹងមាំ

ភ្នំពេញ ៖ លោកបណ្ឌិត Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជាបានគូសបញ្ជាក់ថា កំណើនគួរឱ្យកត់សម្គាល់ នៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីម៉ាឡេស៊ី បានឆ្លុះបញ្ចាំងពីទំនាក់ទំនង ជាភាពជាដៃគូដ៏រឹងមាំ និងទ្វេភាគីជាយូរអង្វែង ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី Malaysia-Cambodia Halal Forums ជាផ្លូវការនៅសណ្ឋាគារ Hyatt Regency Phnom Penh រៀបចំដោយស្ថានទូតម៉ាឡេស៊ីនៅកម្ពុជា សហការជាមួយ MATRADE (ទីភ្នាក់ងារអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី) ទីក្រុងហូជីមិញ JAKIM (នាយកដ្ឋានកិច្ចការអ៊ីស្លាមម៉ាឡេស៊ី) និង MBCC (សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា) នៅថ្ងៃទី២០ តុលានេះ លោកបណ្ឌិត Shaharuddin Bin Onn មានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ី និងកម្ពុជា កំពុងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ក្នុងវិស័យសេដ្ឋកិច្ចហាឡាល ពាណិជ្ជកម្ម និងទេសចរណ៍មិត្តភាពមូស្លីម តាមរយៈកិច្ចប្រជុំកំពូលកម្រិតខ្ពស់ វេទិការដ្ឋាភិបាល និងការចូលរួមទ្វេភាគី។

លោកគូសបញ្ជាក់ថា កំណើនគួរឱ្យកត់សម្គាល់ នៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ឆ្លុះបញ្ចាំងពីទំនាក់ទំនងដែលជាភាពជាដៃគូដ៏រឹងមាំ និងទ្វេភាគី ដោយបង្ហាញពីការបំពេញបន្ថែមដ៏រឹងមាំ រវាងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាបន្តថា វេទិកានេះ មានសក្តានុពលក្នុងការនាំប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគ្នា តាមរយៈកិច្ចសហប្រតិបត្តិការ និងការចែករំលែកជំនាញ និង បទពិសោធ ។ លោកថា សេដ្ឋកិច្ចហាឡាល គឺជាវិស័យមួយក្នុងចំណោម វិស័យមានសក្តានុពលបំផុត ដែលថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ បានកំណត់សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី នាខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកបណ្ឌិត Shaharuddin Bin Onn បន្ថែមថា ក្នុងពេលជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ីបម្រើជាច្រកទ្វារយុទ្ធសាស្ត្រ ដើម្បីចូលទៅក្នុងទីផ្សារហាឡាលសកល ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ជំនាញឯកទេស និងប្រព័ន្ធអេកូឡូស៊ី ក្នុងការលើកកម្ពស់ពាណិជ្ជកម្មដែលគាំទ្រដោយរដ្ឋាភិបាលម៉ាឡេស៊ី ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលស្គាល់ និងយល់យ៉ាងពេញលេញអំពីឱកាស និងសក្តានុពលបង្ហាញដោយសេដ្ឋកិច្ចហាឡាលសកល និងវិស័យហាឡាលជាម៉ាស៊ីន សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ។ ការបង្កើតគណៈកម្មាធិការហាឡាល់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ហាឡាល់ឆ្នាំ២០២៥-២០២៩នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសកម្ពុជា ក្នុងការជំរុញឧស្សាហកម្មហាឡាលរបស់ខ្លួនបន្ថែមទៀត ៕

To Top